ទម្លាប់អាក្រក់ទាំងនេះ បណ្ដាលឲ្យពុកឆ្អឹងទាំងនៅវ័យក្មេង
ក្នុងវិស័យវេជ្ជសាស្ត្រ ខែតុលានេះ ជាខែស្វែងយល់ពីជំងឺពុកឆ្អឺង (Osteoporosis Awareness Month) ហើយ “Hello គ្រូពេទ្យ” នឹងជម្រាបជូនមូលហេតុ និងទម្លាប់មួយចំនួន ដែលបណ្ដាលឲ្យយើងពុកឆ្អឹងទាំងនៅវ័យក្មេង។
១. អាហារប្រៃ
អាហារប្រៃក្នុងរបបអាហារប្រចាំថ្ងៃ ដូចជា ពពួកសាច់ប្រឡាក់ ត្រីប្រឡាក់ សុទ្ធតែបណ្ដាលឲ្យពុកឆ្អឹង។ ជាតិប្រៃ ឬសូដ្យូម មិនថា ដោយផ្ទាល់ ឬប្រយោលទេ មានឥទ្ធិពលលើតម្រងនោម ក្នុងការស្រូបកាល់ស្យូមឡើងវិញ ហើយវាបណ្ដាលឲ្យលើសបរិមាណកាល់ស្យូមយ៉ាងខ្លាំង។ បញ្ហានេះពាក់ព័ន្ធជាមួយការធ្វើមេតាប៉ូលិសសមាសធាតុកាល់ស្យូម ចេញពីឆ្អឹង។ តាមការណែនាំ យើងគួរញ៉ាំជាតិប្រៃ ឬសូដ្យូម ប្រមាណ ២,៣ក្រាម/ថ្ងៃ ឬប្រមាណ ១ស្លាបព្រាកាហ្វេប៉ុណ្ណោះ។

២. ភេសជ្ជៈប្រភេទ Soft Drink
ភេសជ្ជៈ Soft Drink ជាទូទៅ ត្រូវស្គាល់ថា ជាភេសជ្ជៈមានសមាសធាតុស្ករច្រើន ដែលវាបណ្ដាលឲ្យដង់ស៊ីតេឆ្អឹងធ្លាក់ចុះ។ ក្រៅពីសមាសធាតុស្ករ សមាសធាតុផូស្វ័រ និងកាហ្វេអ៊ីន ក៏បណ្ដាលឲ្យកម្រិតកាល់ស្យូម ក្នុងរាងកាយ មានអតុល្យភាពផងដែរ។
ក្រៅពី Soft Drink ពពួកគ្រឿងស្រវឹង (អាល់កុល) ក៏បង្កផលប៉ះពាល់ដល់ឆ្អឹងដែរ ដោយវារារាំងការស្រូបកាល់ស្យូមរបស់រាងកាយ។ ជាតិពុល ដែលមាននៅក្នុងគ្រឿងស្រវឹង បានសម្លាប់កោសិកាបង្កើតឆ្អឹង និងបំផ្លាញសរសៃប្រសាទ ដែលគ្រប់គ្រងតុល្យភាព និងការពារលំនឹងរបស់មនុស្ស។
សម្រាប់ស្រីៗ ដែលផឹកគ្រឿងស្រវឹងច្រើន អាចមានបញ្ហារដូវមិនទៀង ដែលជាកត្ដាមួយ ធ្លាក់ចុះអ័រម៉ូន Oestrogen និងកើនឡើងហានិភ័យនៃការពុកឆ្អឹង។ ចំណែកប្រុសៗ អាចកកើតអ័រម៉ូន Testosterone តិច ហើយវាក៏បណ្ដាលឲ្យការផលិតកោសិកាឆ្អឹងតិចផងដែរ។
៣. ស្ត្រេស
បញ្ហាស្ត្រេសបណ្ដាលឲ្យខូចឆ្អឹង ហាក់បីដូចជាចម្លែកបន្ដិច ប៉ុន្ដែវាជាការពិត។ នៅពេលយើងជួបបញ្ហាស្ត្រេស រាងកាយរបស់យើង ផលិតអ័រម៉ូន Cortisol ហើយអ័រម៉ូននេះ រារាំងការកកើតឆ្អឹង និងបង្កើនការពុកឆ្អឹង។ ក្នុងករណីបញ្ហាស្ត្រេសរ៉ាំរ៉ៃ ប្រតិកម្មក្រពេញ Hypothalamic-Hituitary-Adrenal (HPA) Axis រារាំងការកកើតអ័រម៉ូន Gonadal និងអ័រម៉ូនផ្សេងៗទៀត ហើយវាបង្កើនកម្រិតរលាកនៅក្នុងរាងកាយ ដែលរារាំងការកកើតឆ្អឹង និងបណ្ដាលឲ្យឆ្អឹងចុះខ្សោយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ