កប់ក្តោងតែម្តង! Apple កើបលុយបានជាង៦០ពាន់លានដុល្លារគិតត្រឹមខែកញ្ញា ឆ្នាំនេះ
- October 31, 2019
ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសអាមេរិក Apple បានធ្វើការប្រកាសជាផ្លូវការនូវប្រាក់ចំណូល ដែលមានទំហំខ្ពស់បំផុតមួយដែលមានចំនួនទៅដល់ ៦៤ ពាន់លានដុល្លារអាមេរិកគិតត្រឹមត្រីមាសទី៤នៃឆ្នាំនេះ។ ប្រាក់ចំណូលឆ្នាំនេះត្រូវបានគេមើលឃើញថា មានការកើនឡើងក្នុងអត្រា ២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
នៅក្នុងរបាយការណ៍ ដែលត្រូវបានធ្វើឡើងដោយ Apple កាលពីថ្ងៃពុធបានបង្ហាញទៀតថា កំណើនប្រាក់ចំណេញបានកើនឡើងលើសការរំពឹងទុករបស់ទីផ្សារដែលមានត្រឹមតែចំនួន៦៣ពាន់លានដុល្លារ និងបានធ្វើឲ្យចំណែកភាគហ៊ុនរបស់ខ្លួនមានទៅដល់ ៣,០៣ ដុល្លារកើនឡើង ៤ ភាគរយបើប្រៀបធៀបទៅនឹង ២,៩១ ដុល្លារក្នុងមួយហ៊ុនកាលពីឆ្នាំមុន។

ទោះបីជាយ៉ាងណាក្តីជំនួញស្មាតហ្វូន iPhone របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះប្រហែល ៩,២ ភាគរយដោយអាចរកចំណូលបានត្រឹមតែ ៣៣,៣៦ ពាន់លានដុល្លារបើប្រៀបធៀបនឹង ៣៦,៧៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះយ៉ាងណាការកាត់បន្ថយការលក់ទូរស័ព្ទ iPhone ត្រូវបានទូទាត់ដោយកំណើននៃការលក់នៅក្នុងវិស័យផ្សេងទៀតដូចជាសេវាកម្ម និងឧបករណ៍មួយចំនួនទៀតដូចជាងកាស និងនាឡិកាជាដើម។ សេវាកម្មទាំងឡាយរបស់ក្រុមហ៊ុន Apple បានកើនឡើងដល់ ១២,៥ ពាន់លានដុល្លារ និងជាតួលេខមានចំនួន ២ ពាន់លានដុល្លារច្រើនជាងតួលេខកាលពី ១០ ឆ្នាំមុនដែលមានចំនួន ១០,៥ ពាន់លានដុល្លារ៕

អត្ថបទ៖ Lee
- Share This Post:






