លេចធ្លាយរូបរាងស្មាតហ្វូនបត់ Raza របស់ Motorola ខណៈសល់តែមួយខែទៀតបង្ហាញខ្លួន
- November 1, 2019
រូបភាពជាច្រើនសន្លឹកនៃស្មាតហ្វូនបត់របស់ក្រុមហ៊ុន Motorola ប្រភេទ Razr ត្រូវបានបង្ហោះលើបណ្តាញសង្គម Twitter របស់អ្នកជំនាញវិភាគបច្ចេកវិទ្យា Evan Bliss។ តាមរយៈរូបភាពទាំងនោះយើងអាចមើលឃើញថា Razr នឹងមានគន្លាក់កាច់តែមួយហើយមើលទៅដូចជារូបរាងធម្មតា ដែលម៉ូដេលចាស់ៗរបស់ខ្លួននាពេលកន្លងមក។
Evan Bliss បានបញ្ជាក់ទៀតថា ការបង្ហាញខ្លួនជាផ្លូវការរបស់ម៉ូដែលថ្មីនេះនឹងអាចធ្វើឡើងនៅក្នុងខែក្រោយនេះហើយជាមួយនឹងតម្លៃរហូតដល់ទៅខ្ទង់១៥០០ដុល្លារ។ ជាទូទៅរូបភាពស្មាតហ្វូនទាំងឡាយ ដែលត្រូវបានបង្ហាញដោយគណនេយ្យរបស់ Evan Bliss គឺនឹងតែងតែបានក្លាយទៅជារូបរាងផ្លូវការ។
គួរឲ្យដឹងដែរថា តាមរយៈរបាយការណ៍កន្លងមកបានបញ្ជាក់ដែរថា Razr នឹងដំណើរការជាមួយនឹងបន្ទះឈីប Snapdragon 710 របស់ក្រុមហ៊ុន Qualcomm ដោយក្នុងនោះវានឹងអាចមាន RAM ទំហំប្រមាណជា 4GB ឬ 6GB មកជាមួយនឹងអង្គចងចាំ 64GB ឬ 128GB។
មានការចេញផ្សាយពីប្រភពព័ត៌មានជាច្រើនអំពីម៉ូដេលចុងក្រោយនេះក្នុងនោះ The Wall Street Journal ក៏ធ្លាប់បានសរសេរដែរថា តម្លៃរបស់វាគឺនឹងធូរថ្លៃជាងជំនាន់មុនឬប្រមាណជា១៥០០ដុល្លារដូចទៅនឹងអ្វីដែល Evan Bliss បានសរសេរផងដែរ៕

អត្ថបទ៖ Lee
- Share This Post:











