Apple គ្រោងចង់យកបច្ចេកវិទ្យា Touch ID ត្រលប់មកប្រើលើ iPhone វិញ
- December 4, 2019
រំលឹកឡើងវិញកាលពីឆ្នាំ២០១៧ ជាពេលដែល Apple បានសម្រេចចិត្តលុបចោលនូវមុខងារដ៏សំខាន់មួយ នោះគឺ Touch ID នៅពេលដែលពួកគេបញ្ចេញ iPhone X ក្នុងគោលបំណងដើម្បីកាត់បន្ថយភាពចង្អៀតនៅគែមដែលនៅសល់ផ្នែកខាងក្រោមអេក្រង់។ Apple ក៏បានជំនួសមកវិញនូវមុខងារ Face ID ដើម្បីសម្គាល់ភាពជាម្ចាស់នៃ iPhone ។ ក្នុងនោះផងដែរ iPhone ចុងក្រោយបង្អស់ ដែលបានស្គាល់រសជាតិមុខងារ Touch ID នោះគឺម៉ូដែល iPhone 8 និង iPhone 8 Plus ហើយចាប់ពីពេលនោះមករាល់ទូរស័ព្ទ iPhone ទាំងអស់ទាំងស៊េរីឆ្នាំ២០១៨ និង ២០១៩ គឺមានតែមុខងារ Face ID មួយគត់ ទោះបីជាមានមតិជាច្រើនពីសំណាក់អតិថិជនក្នុងការស្នើឲ្យមានមុខងារ Touch ID វិញក៏ដោយ។

ប៉ុន្តែរហូតមកដល់ពេលនេះ Apple កំពុងត្រូវបានគេសង្ស័យថា នឹងធ្វើការសម្រេចចិត្តឡើងវិញម្តងទៀត ចំពោះការលើកឡើងនេះដោយក្នុងនោះអ្នកវិភាគល្បីៗរបស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Barclays បានជឿជាក់ថា ក្រុមហ៊ុនបានធ្វើការស្នើសុំអាជ្ញាប័ណ្ណថ្មីរួចរាល់ហើយ ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា Touch ID នេះ។
លើសពីនេះមុខងារ Touch ID ដែលនឹងត្រឡប់មកបង្ហាញវត្តមានឡើងវិញនេះ នឹងមានកម្រិតសុវត្ថិភាពកាន់តែខ្លាំងជាងមុន ហើយក្នុងនោះយោងតាមរបាយការណ៍របស់ Economic Daily News បានអះអាងថា ក្រុមហ៊ុនមានជំនួបជាមួយនឹងក្រុមហ៊ុនផលិត touchscreen ដែលមានឈ្មោះថា GIS របស់កោះតៃវ៉ាន់នាសប្តាហ៍ក្រោយនេះហើយ៕
អត្ថបទ៖ Lee
- Share This Post:







