iPhone ស៊េរីថ្មីនៅឆ្នាំ2021 នឹងមិនមានរន្ធអ្វីទាំងអស់ សូម្បីរន្ធសាកថ្ម
- December 7, 2019
បដិវត្តន៍ស្មាតហ្វូនសម័យបច្ចុប្បន្នបានលុបចោលបន្តិចម្តងៗនូវការឌីហ្សាញ និងមុខងារបែបបុរាណដូចជាប៊ូតុងជាដើម បន្ទាប់មកចន្លោះគែមស្មាតហ្វូនក៏លែងមាន ក្បាលក៏ត្រូវបានលុបបំបាត់ និងជាពិសេសប៊ូតុង Home ទៀតផងក៏លែងមាន ប៉ុន្តែអ្វីដែលត្រូវបានគេមើលឃើញនាពេលខាងមុខនោះ គឺជាសង្គ្រាមប្រជែងគ្នាលើបច្ចេកវិទ្យាឥតខ្សែលើការឌីហ្សាញស្មាតហ្វូនទាំងអស់នោះ។

យោងតាមការអះអាងមួយរបស់អ្នកជំនាញខាងបច្ចេកវិទ្យា និងជាអ្នកជំនាញខាងវិភាគលើផលិតផលទាំងឡាយរបស់ក្រុមហ៊ុនយក្ស Apple លោក Ming Chi Kuo នៅពេលចុងក្រោយនេះបានបញ្ជាក់ថា iPhone ស៊េរីថ្មីនៅឆ្នាំ 2021 ត្រូវបានគេឌីហ្សាញជាមួយនឹងរូបរាងថ្មីស្រឡាង និងខុសពីអ្វីដែល iPhone ស៊េរីចាស់ៗទាំងអស់។
លោក Kuo ដដែលបានបញ្ជាក់ទៀតថា ស៊េរីចុងក្រោយបំផុតនោះនឹងមិនមានរន្ធអ្វីសោះឡើយនៅលើតួខ្លួនរបស់វា ហើយមានន័យថា ស្មាតហ្វូននេះនឹងក្លាយទៅជាបដិវត្តន៍មួយទៀតសម្រាប់សម័យបច្ចេកវិទ្យា ដែលអ្នកប្រើប្រាស់នឹងអាចទទួលយកបទពិសោធន៍ក្នុងការប្រើប្រាស់ស្មាតហ្វូន ដែលនឹងមិនមានប្រើខ្សែ១០០ភាគរយ មានន័យថា សូម្បីតែការសាកថ្មក៏លែងប្រើខ្សែដែរ គឺសាកតាមរបៀប wireless តែម្តង។ ទោះបីជាយ៉ាងណាក្តី iPhone ឆ្នាំ2021 នេះនឹងមានតែ១ម៉ូដែលប៉ុណ្ណោះ ដែលនឹងចាប់យកបច្ចេកវិទ្យាឥតខ្សែបែបនេះ ដោយឡែកម៉ូដែលផ្សេងនឹងអាចដំណើរការឌីហ្សាញដូចធម្មតានៅឡើយទេ៕
អត្ថបទ៖ Lee
- Share This Post:






