គួរយកកូនស្រីទៅចោះក្រវិល នៅវ័យណាទើបល្អ?
កាលពីមុនម៉ាក់ប៉ាតែងតែនាំកូនស្រីដែលទើបនឹងកើតបានប៉ុន្មានថ្ងៃទៅចោះត្រចៀក។ តែសម្រាប់បច្ចុប្បន្នវិញ យើងលែងខ្វល់ពីរឿងនោះទៀតហើយ ព្រោះអាចចោះបាននៅពេលពេញវ័យ។ នេះបើតាមការរៀបរាប់របស់អ្នកគ្រូពេទ្យ ពុំ ចន្ទ័ អនុប្រធានមណ្ឌលសុខភាពទទួលបន្ទុកចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល។ អ្នកគ្រូបានបន្តទៀតថា ពីមុនទារកកើតបានប៉ុន្មានថ្ងៃ ឬយ៉ាងយូរ ១ ខែ គឺម៉ាក់ប៉ាយកកូនមកចោះហើយ មានពាក់ក្រវិលតែម្ដង ដើម្បីកុំឲ្យជិតរន្ធ តែអ្នកខ្លះអាចយកឈើតូចមួយយកមកដោតជំនួសក្រវិលសិន ហើយអំឡុងពេលនេះកូននៅតូចមិនទាន់ចេះចាប់បោច ឬទាញត្រចៀកនាំឲ្យដំបៅក្លាយ។ ណាមួយកម្រាស់ត្រចៀកមិនទាន់ក្រាស់ ចោះទៅអាចឆាប់ជាជាងពេលកូនធំ។

ប៉ុន្តែសម្រាប់បច្ចុប្បន្នវិញ ម៉ាក់ៗលែងសូវនិយមយកកូនទៅចោះត្រចៀកតាំងពីតូចទៅវិញដូចមុនទៀតហើយ កូនខ្លះចូលដល់វ័យជាង ១០ ឆ្នាំហើយទើបចោះ ព្រោះបច្ចេកទេសទំនើបជាងមុនដោយមិនបាច់ប្រើឧបករណ៍ដូចម្ជុលពីមុន ដូចនេះហើយទើបយើងច្រើននាំកូនធំៗទៅចោះវិញល្អជាង។ លក្ខណៈពិសេសរបស់ម៉ាស៊ីនមួយនោះ គឺយើងអាចយកប៉ិចមួយដើមមកដៅកន្លែងត្រូវចោះសិន ហើយក្រោយចោះគ្មានការឈឺចុកចាប់ ហើម និងគ្មានឈាម។
បើចង់ដឹងថា រវាងយកកូនតូច ឬកូនធំទៅចោះក្រវិល អ្នកគ្រូពេទ្យបានបញ្ជាក់ថា ចោះត្រចៀកកូននៅវ័យណាក៏បានដែរ ព្រោះវ័យទាំង២មានគុណសម្បត្តិ និងគុណវិបត្តិ ដូចគ្នា។ ចោះត្រចៀកកូននៅក្មេង កូនតូចងាយនឹងឆ្លងមេរោគបង្កឲ្យក្ដៅខ្លួន ជាងកូនធំ ឯផលល្អវិញនោះ គឺកូនតូចមិនទាន់ចេះចាប់បោច ឬទាញត្រចៀកនាំឲ្យដំបៅក្លាយ។ ចំណែកចោះត្រចៀកពេលកូនធំបន្តិច គេអាចចាប់បោច ឬទាញត្រចៀក តែផលល្អវិញគឺមិនសូវមានបញ្ហាឆ្លងមេរោគអីនោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
