បច្ចេកវិទ្យា

Oppo បង្ហាញគំរូស្មាតហ្វូនថ្មី មិនមានប៊ូតុងចុច និងគ្មានរន្ធសាកថ្មទៀត

BY
Khmernote Media
December 17, 2019

នៅចាំបានថាស្មាតហ្វូន Zero របស់ក្រុមហ៊ុនMeizu កាលពីដើមឆ្នាំ ត្រូវបានគេចេញផ្សាយថាគឺនឹងក្លាយជាស្មាតហ្វូនទីមួយ ដែលមិនមានប៊ូតុង រឺរន្ធសាកអ្វីទាំងអស់។ ការសាកថ្មត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាឆ្នាំងសាកឥតខ្សែកម្លាំងដល់ទៅ 18W។ ខណៈពេលដែលស្មាតហ្វូន Zero ជាអ្វីដែលក្រុមហ៊ុន Meizu បានព្យាយាមប្រមូលមូលនិធិឲ្យបានប្រាក់ចំនួន ១០០ ០០០ ដុល្លារដើម្បីផលិតស្មាតហ្វូននេះ ហើយនឹងគិតថ្លៃប្រមាណជា ១ ២៩៩ ដុល្លារក្នុងមួយគ្រឿង ប៉ុន្តែក្រុមហ៊ុនបានខាតបង់ភ្លាមៗបន្ទាប់ពីរៃអង្គាសប្រាក់បានជាក់ស្តែងបានតែចំនួន ៤៥០០០ ដុល្លារហើយគម្រោងនេះត្រូវបានបញ្ឈប់ទៅវិញ។

ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យា Oppo ត្រូវបានគេមើលឃើញថា បានបង្ហាញស្មាតហ្វូនគំរូស្រដៀងគ្នាមួយកាលពីប៉ុន្មានថ្ងៃមុននេះដូចទៅនឹងគម្រោងរបស់ក្រុមហ៊ុន Meizu គឺស្មាតហ្វូនដែលមានឈ្មោះថា Zero។ ម៉ូដែលថ្មីរបស់ Oppo ជាស្មាតហ្វូនមិនមានឧបករណ៍បំពងសម្លេង គ្មានប៊ូតុងនិងរន្ធអ្វីនោះទេ ប៉ុន្តែបន្ថែមមុខងារមួយបន្ថែមទៀតដើម្បីធ្វើឱ្យ bezels របស់វាកាន់តែស្តើង និងប្រើប្រាស់កាមេរ៉ាបង្កប់ក្រោមអេក្រង់ ដើម្បីឲ្យផ្ទៃអេក្រង់ខាងមុខលាតសន្ធឹងពេញដល់គែមតែម្តង ដោយមិនមានក្បាលឆក រឺចោះទំលុះអេក្រង់ដូចក្រុមហ៊ុនដទៃ។

អ្វីដែល The Techradar បានចុះផ្សាយដែរនោះគឺជាគំរូដើមរបស់ Oppo មានប៊ូតុងថាមពលនៅខាងស្តាំ ប៉ុន្តែដើម្បីបង្កើនឬបន្ថយសម្លេងអ្នកប្រើចាំបាច់ទាញម្រាមដៃរបស់គាត់នៅតាមតំបន់ touch-sensitive ជំនួសវិញ។ ដូចគ្នានឹងស្មាតហ្វូន Zero ការសាកថ្មនឹងមិនប្រើប្រាស់ខ្សែឡើយហើយកម្លាំងសាករបស់វាគឺមានទៅដល់30W៕

 

អត្ថបទ៖ ស៊ុនលី

Share This Post: