តារាចម្រៀងវៀតណាម Son Tung M-TP គ្រោងបង្កើតបណ្តាញសង្គមថ្មីមួយនៅឆ្នាំ២០២០
- BY
- autoadmin
- December 21, 2019
វេបសាយព័ត៌មាន Dan Tri បានរាយការណ៍ថា តារាចម្រៀងគ្រាប់ពេជ្ររបស់វៀតណាម Son Tung M-TP មានគោលបំណងប្រែក្លាយក្រុមហ៊ុនរបស់គាត់ទៅជាក្រុមហ៊ុនពហុវិស័យ ដោយមានទាំងផ្នែកតន្រ្តី បណ្តាញសង្គម ម៉ូតខោអាវ និងខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេ។ អ្វីដែលគួរកត់សម្គាល់នោះថា លោក Son Tung M-TP ឬ Nguyen Thanh Tung នឹងបង្កើតបណ្ដាញសង្គមមួយឈ្មោះថា Skysocial ដែល Sky គឺចេញពីឈ្មោះ fandom របស់គាត់ផ្ទាល់តែម្ដង។ តារាចម្រៀង និងជាអ្នកជំនួញវ័យក្មេងរូបនេះបាននិយាយថា Skysocial គឺខុសពីបណ្ដាញដទៃ ដោយវានឹងអនុញ្ញាតឱ្យអ្នកប្រើផ្សារភ្ជាប់ជាមួយមិត្តភក្តិ ដែលមានចំណាប់អារម្មណ៍ដូចគ្នា និងនៅក្នុងតំបន់តែមួយ។

គួរឱ្យដឹងផងដែរថា Son Tung M-TP រៀនច្រៀង និងសរសេរចម្រៀងដោយខ្លួនឯង។ គាត់ចាប់ផ្តើមជាមួយនឹងបទចម្រៀង២បទគឺ ‘Con mua ngang qua’ និង ‘Em cua ngay hom qua’ ហើយកាលនោះមានភាពចម្រូងចម្រាសមែនទែន ដោយសារថាគាត់ត្រូវបានគេចោទថាលួចចម្លងតារាដទៃ។ គាត់កើតនៅឆ្នាំ១៩៩៤ និងបង្កើតផលិតកម្មចម្រៀង M-TP Entertainment នៅឆ្នាំ២០១៦ នៅពេលដែលគាត់ទើបតែអាយុ ២២ឆ្នាំ ប៉ុណ្ណោះ។ គាត់គឺជាអ្នកចម្រៀងវៀតណាមតែមួយកត់ ដែលមាន follower នៅក្នុង Instagram ចំនួន ៣.៧លាន និងក្នុង Facebook ចំនួន ១០.៥លាន ។ សម្រាប់បណ្ដាញសង្គម Skysocial គាត់នឹងចាប់ផ្ដើមវានៅឆ្នាំក្រោយនេះហើយ៕


អត្ថបទ៖ លីដា
- Share This Post:






