ក្នុងចំណោមប្រទេសនៅអាស៊ី-អាគ្នេយ៍ ខ្មែរស្លាប់ដោយជំងឺនេះច្រើនជាងគេ
នៅប្រទេសកម្ពុជាក្នុងចំណោមមនុស្ស ១០០.០០០ នាក់ មាន ១២៨ នាក់ ស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង ហើយតួលេខនេះខ្ពស់ជាងក្នុងចំណោមប្រទេសនៅអាស៊ី-អាគ្នេយ៍។ នោះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO)។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតជំងឺស្ទះសរសៃឈាមបេះដូង ដែលយើងចំណាំហៅថា គាំងបេះដូងនោះ លោកសាស្ត្រាចារ្យមហាបរិញ្ញា សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា អះអាង គឺមកពីកត្តារួមផ្សំជាច្រើន ក្នុងនោះមាន កត្តាអាយុច្រើន ជក់បារី មានជំងឺលើសឈាម មានជំងឺទឹកនោមផ្អែម ធាត់ពេក មានលើជាតិខ្លាញ់ច្រើន មិនហាត់ប្រាណ ស្ត្រេស គ្រួសារមានប្រវត្តិមានជំងឺបេះដូង ឬស្ទះសរសៃឈាមបេះដូង ជាដើម។

“ជីវភាពប្រជាពលរដ្ឋផ្លាស់ប្តូរ ទម្លាប់រស់នៅក៏ផ្លាស់ប្តូរ ពីមុនធ្លាប់ធ្វើពលកម្ម ឥឡូវមកស្រណុក ធ្លាប់តែដើរ ឥឡូវជិះឡានម៉ូតូ អត់បញ្ចេញពលកម្ម ធ្លាប់តែញ៉ាំបន្លែ ផ្លែឈើ ម្ហូបអាហារខ្មែរដែលល្អ មកញ៉ាំ Fast Food ច្រើន អាហារអស់ហ្នឹងនាំឲ្យឡើងទម្ងន់ ឡើងជាតិខ្លាញ់ ទៅជាកើតជំងឺបេះដូង”។ លោកវេជ្ជបណ្ឌិត រៀបរាប់។
ស្ទះសរសៃឈាមបេះដូង ជាជំងឺកើតឡើងដោយសារសរសៃឈាមមួយ ឬច្រើន ដែលមានតួនាទីទៅចិញ្ចឹមបេះដូង ត្រូវស្ទះដោយកំណកខ្លាញ់នៅតាមជញ្ជាំងសរសៃឈាម។ ចំណែកឯរោគសញ្ញាវិញ មានដូចជា តឹង ចុក ណែន ឈឺចាប់ក្នុងទ្រូង ឬដៃ ហើយរាលដាលទៅក ថ្គាម និងខ្នង ចង្អោរ ក្រហាយទ្រូង ឬឈឺពោះ ហត់ បែកញើសខ្លាំង ដោយមិនដឹងមូលហេតុ ហត់ អស់កម្លាំង ធេងធោង ឬវិលមុខ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ