បច្ចេកវិទ្យា

អេក្រង់របស់ Galaxy Fold 2 គឺធ្វើពីកញ្ចក់សុទ្ធតែម្តង មិនមែនប្លាស្ទិកឡើយ

BY
Khmernote Media
December 26, 2019

យោងតាមការបង្ហោះនៅលើ Twitter មួយដែលត្រូវបានធ្វើឡើងដោយគណនីវិភាគក្រុមហ៊ុន Samsung ដ៏ល្បីមានឈ្មោះថា Ice Universe នាពេលថ្មីៗនេះបានធ្វើការបង្ហាញពីព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយចំនួនទាក់ទងនឹង Samsung Galaxy Fold 2 ដែលក្នុងនោះបញ្ជាក់យ៉ាងច្បាស់ថា ស្មាតហ្វូនបត់មួយនេះនឹងប្រើប្រាស់កញ្ចក់សុទ្ធជំនួសឱ្យអេក្រង់ប្លាស្ទិច ដែលអាចបត់បានផងនោះ។ ជាលទ្ធផលនៅលើអេក្រង់របស់ Galaxy Fold 2 អ្នកនឹងអាចមើលឃើញភាពភ្លឺចាំងខ្លាំងនេះបើយោងតាមការអះអាងរបស់គណនីដដែល ហើយបានបន្ថែមទៀតថា វាគឺជាអ្វីដែលគួរតែត្រូវបានប្រើប្រាស់សម្រាប់ទូរស័ព្ទដែលអាចបត់បានមួយនេះ។

រំលឹកដែរថាកាលពីខែមុននេះក្រុមហ៊ុន Samsung បានរាយការណ៍ថាបានយល់ព្រមលើកិច្ចសន្យារយៈពេលវែងផ្តាច់មុខជាមួយ DoInsys សម្រាប់ការផលិតសន្លឹកកញ្ចក់ ultrathin របស់ខ្លួន។ ដូចនេះមិនមានអ្វីដែលគួរឲ្យងឿងឆ្ងល់ឡើយថា អេក្រង់របស់ស្មាតហ្វូនបត់ជំនាន់ទី២នេះ គឺផលិតពីកញ្ចក់សុទ្ធ១០០ភាគរយនោះ។

លើសពីនេះព័ត៌មានច្បាស់ការបានបញ្ជាក់ថា Galaxy Fold 2 នឹងត្រូវបង្ហាញខ្លួនជាមួយនឹង Galaxy S11 ក្នុងព្រឹត្តិការណ៍នាថ្ងៃទី១១ ខែកុម្ភៈខាងមុខនេះហើយ ប៉ុន្តែស្មាតហ្វូនជំនាន់ថ្មីនេះនឹងមិនមានទំហំអេក្រង់ធំជាងជំនាន់មុន Galaxy Fold ដែលមានដល់ទៅ៧,៣អ៊ិញនោះទេ ដោយ Galaxy Fold 2 ធ្វើឡើងតម្រូវឲ្យអ្នកប្រើប្រាស់អាចទុកដាក់វានៅក្នុងហោប៉ាវប៉ុណ្ណោះគឺត្រឹមតែ៦,៧អ៊ិញប៉ុណ្ណោ៕

អត្ថបទ៖ ស៊ុនលី

Share This Post: