អ្នកជំនាញ IT ផ្តល់ដំបូន្មានឲ្យប្រើប្រាស់ស្រោមអនាម័យ USB រាល់ពេលបញ្ជូលថ្មទូរស័ព្ទនៅកន្លែងសាធារណៈ
- BY
- autoadmin
- December 27, 2019
កន្លងមកយើងធ្លាប់តែឮថា គេប្រើប្រាស់ស្រោមអនាម័យដើម្បីការពារខ្លួនពីជំងឺផ្សេងៗ តែឥលូវនេះក្រុមអ្នកជំនាញក្នុងវិស័យព័ត៌មានវិទ្យាបានណែនាំថា យើងគួរតែប្រើប្រាស់ស្រោមអនាម័យចំពោះឌុយ USB ផងដែរ រាល់ពេលយើងប្រើប្រាស់ឌុយនេះសម្រាប់បញ្ចូលថ្មទូរស័ព្ទនៅកន្លែងសាធារណៈ។ សូមបញ្ជាក់ថា ទូរស័ព្ទទំនើបៗនាពេលបច្ចុប្បន្នភាគច្រើនគឺប្រើប្រាស់ឌុយ USB សម្រាប់បញ្ចូលថ្ម ដែលនៅកន្លែងសាធារណៈខ្លះយើងគ្រាន់តែប្រើឌុយ USB នេះដោតដោយផ្ទាល់ទៅចរន្តភ្លើងក៏អាចបញ្ចូលថ្មទូរស័ព្ទបានដែរ។
ចំពោះពាក្យថា៖ “ស្រោមអនាម័យ USB” មិនមែនមានន័យថា យើងយកស្រោមអនាម័យធម្មតានៅពាក់លើឌុយ USB នោះទេ តែវាជាពាក្យប្រៀបធៀបនិងមានន័យសំដៅទៅលើក្បាលឌុយ USB សម្រាប់ភ្ជាប់ឌុយ USB ទៅនឹងប្រភពផ្តល់ចរន្តអគ្គិសនី។ ការព្រមានខាងលើនេះបានធ្វើឡើងក្រោយគេបានរកឃើញថា ថ្មីៗនេះមានក្រុមចោលួចតាមអ៊ីនធឺណិត (Hacker) ជាច្រើនបានលួចយកទិន្នន័យពីក្នុងទូរស័ព្ទ ឬឧបករណ៍ផ្សេងទៀត រាល់ពេលដែលម្ចាស់ឧបករណ៍ទាំងនោះប្រើប្រាស់ឌុយ USB ភ្ជាប់ឧបករណ៍របស់ពួកគេទៅនឹងប្រភពផ្តល់ចរន្តអគ្គិសនីនៅកន្លែងសាធារណៈ៕

អត្ថបទ៖ ភក្តី
- Share This Post:








