នាយក្រឹម ដឹកនាំក្រុមកំប្លែង “សំណើចចុងសប្តាហ៍” ចូលរួមពិធីបុណ្យសពតារាកំប្លែងនាយស្មាញ ទាំងភាពសោកស្តាយនិងអាឡោះអាល័យ
- December 30, 2019
តារាកំប្លែងនាយស្មាញ បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅលើផ្លូវ៦០ម៉ែត្រនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តារាកំប្លែងរូបនេះមានឈ្មោះពិត លោក សួន សុខហុីម អាយុ៦៨ឆ្នាំ មានតួនាទីជាឧត្តមសេនីយ៍ត្រី ផ្នែកសិល្បះកងទ័ព មានកូន៤នាក់ មានទីលំនៅនៅភូមិព្រែកហូខាងកើត សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងនោះផងដែលក្រុមកំប្លែងនិងក្រុមការងារ “សំណើចចុងសប្តាហ៍” ដឹកនាំដោយនាយក្រឹម បានចូលរួមពិធីបុណ្យសព ចូលរួមរំលែកទុក្ខនិងនាំយកថវិកាសម្រាប់ជួយសម្រាលទុក្ខលំបាកក្រុមគ្រួសារនៃសព។ ដោយ ក្រុមការងារ “សំណើចចុងសប្តាហ៍” បានសរសររៀបរាប់ថា៖
“ថ្ងៃនេះពួកយើងបានមកជូនដំណើរនាយហើយ ជូនដំណើរដោយគ្មានថ្ងៃទទួលត្រឡប់មកវិញឡើយ សម្រាប់ក្រុមការងារយើងពិតជាការសោកស្តាយជាពន់ពេកនូវការបាត់បង់រូបនាយ ដែលជាតួសម្តែងមួយរូបមានទេពកោសល្យប្រចាំក្រុមសំណើចចុងសប្តាហ៍។ សូមគោរពវិញ្ញាណក្ខន្ធនាយទាំងភាពសោកសៅ ស្តាយស្រណោះ អាឡោះអាល័យ សូមវិញ្ញាណក្ខន្ធនាយទៅកាន់ឋានសុគតិភព ផុតទុក្ខ កើតជាតិក្រោយកុំឲ្យជួបរឿងអកុសលដូចជាតិនេះ។ ក្រុមការងារសំណើចចុងសប្តាហ៍ដែលដឹកនាំដោយនាយក្រឹម សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងបាននាំយកថវិការបស់លោកឧកញ្ញ៉ា សុខ ហុង ចំនួន500$ និងថវិកាក្រុមការងារសំណើចចុងសប្តាហ៍ចំនួន390$ សម្រាប់ជួយសម្រាលទុក្ខលំបាកក្នុងពិធីបុណ្យសពរបស់នាយ។ លាដោយគ្មានថ្ងៃត្រឡប់ឡើយ”៕





- Share This Post:






