ចង់ចំណេញ ដាច់ចំណង! ឃើញគេបញ្ចុះតម្លៃវះកាត់ពង្រីកសុដន់ នារីម្នាក់ក៏វះកាត់ពង្រីក តែប៉ុន្មានម៉ោងក្រោយមកស្រាប់តែផ្ទុះស៊ីលីកូន ខូចសុដន់ទាំងសងខាងតែម្តង
នារីជនជាតិអង់គ្លេសវ័យ២៨ឆ្នាំម្នាក់ ក្រោយវះកាត់ពង្រីកដើមទ្រូង ក្នុងតម្លៃទាបបញ្ចុះថ្លៃមិនបានប៉ុន្មានម៉ោងផង ក៏បែរជាជួបហេតុការណ៍ផ្ទុះស៊ីលីកូន បន្សល់ទុកឱ្យនាងនូវស្លាកស្នាមលើសុដន់ នឹងតម្រូវឱ្យវះកាត់យកជាលិកាទាំងនោះចេញ។ តាមសារព័ត៌មាន Daily Mail កញ្ញា Zara Rodriguez បានធ្វើដំណើរពីអង់គ្លេស ទៅក្រុង Istanbul ប្រទេសតួកគី ក្នុងបំណងទៅវះកាត់ពង្រីកដើមទ្រូង និងសម្រកក្បាលពោះ នៅទីនោះ ព្រោះមានតម្លៃធូរថ្លៃ ទាបជាងទីផ្សារប្រទេសខ្លួន។ ក្រោយពេលវះកាត់រួច រយៈពេលត្រឹម៧ម៉ោង ពេលកញ្ញា Zara មកដល់អង់គ្លេសវិញ ស្រាប់តែសុដន់ខាងឆ្វេងរបស់នាងលេចធ្លាយជាលិការាវចេញពីចំណុចវះកាត់ចេញមក ឯសុដន់ម្ខាងទៀតក៏ធ្លាក់ចុះមក។

ឃើញសភាពបែបនេះ កញ្ញាអង់គ្លេសវ័យ២៨ឆ្នាំរូបនេះ បានបង្ហោះរូបលើបង្ហាញសង្គមពីលទ្ធផលនៃការវះកាត់ខាងលើ ចំណែកខាងគ្លីនិកនៅប្រទេសតួកគី បានទទួលព្យាបាលនាងឡើងវិញ ដើម្បីសងការខូចខាត។ តែយ៉ាងណាមិញ ខាងគ្លីនិកនៅតួកគីអស់លទ្ធភាព ពុំអាចកែខៃស្តារស្ថានការណ៍ឡើងវិញបាន កញ្ញា Zara ក៏សម្រេចចិត្តត្រឡប់មកប្រទេសកំណើតវិញ ដើម្បីវះកាត់យកជាតិជាលិកាពង្រីកទ្រូងចេញ ទោះត្រូវចំណាយច្រើនក៏ដោយ។ ជាចុងក្រោយ Zaraបាននិយាយផ្តាំទៅអ្នកដែលមានបំណងវះកាត់ពង្រីកទ្រូង ឱ្យប្រុងប្រយ័ត្ន កុំឱ្យជួបហេតុការណ៍ដូចនាង។
គួររំឭកដែរថា នៅអង់គ្លេស ជារៀងរាល់ឆ្នាំ យ៉ាងហោចណាស់ មានមួយករណីក្នុងចំណោមស្រីៗវះកាត់ពង្រីកដើមទ្រូង បានជួបបញ្ហា។ ការវះកាត់ពង្រីកដើមទ្រូងមានច្រើនទម្រង់ ដោយក្នុងនោះ ពេញនិយមបំផុត គឺការវះកាត់ប្រើសារធាតុ Saline និងការវះកាត់បញ្ចូលជាតិស៊ីលីកូន៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ