កក្រើកវេជ្ជសាស្រ្តម្តងទៀត! វះកាត់ប្តូរស្បូនជួយស្រ្តីម្នាក់អាចមានកូនបានជោគជ័យ
នីតិវិធីវះកាត់ប្តូរស្បូន និងការទទួលបានសេរីរាង្គស្បូនថ្មីពីអ្នកបរិច្ចាគ បានជួយឱ្យស្ត្រីម្នាក់ដែលមានបញ្ហាស្បូនហើយចង់បានកូន បានសម្រាលបុត្រដោយជោគជ័យ ហើយនេះជាលើកទីពីរដែលការវះកាត់ប្រភេទនេះទទួលបានជោគជ័យនៅសហរដ្ឋអាមេរិក។ ទារកឈ្មោះ Benjamin Gobrecht បានឃើញពន្លឺព្រះអាទិត្យកាលខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ នៅឯមន្ទីរពេទ្យនៃសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក ដែលមានម្តាយឈ្មោះ Jennifer ធ្លាប់បានទទួលការវះកាត់ប្តូរស្បូនថ្មីនៅទីនោះផងដែរ។

បើតាមអ្នកស្រី Jennifer ប្រាប់ទៅសារព័ត៌មាន បានឱ្យដឹងថា អ្នកស្រីកើតមកមានបញ្ហាជំងឺម្យ៉ាងឈ្មោះថា Mayer-Rokitansky-Kuster-Hauser (MRKH) ដែលជាករណីជំងឺបង្កឱ្យស្បូនលូតលាស់មិនគ្រប់លក្ខណៈ ឬស្បូនពុំអាចបង្កកំណើត តែអូវ៉ែរនៅដំណើរការផលិតស៊ុតសម្រាប់ការបង្កកំណើតបានធម្មតា។
យ៉ាងណាមិញ ដោយសារអ្នកស្រីចង់បានកូន ហើយបានដឹងដំណឹងពីការវះកាត់ស្បូន ដែលធ្លាប់ធ្វើឡើងជោគជ័យលើស្រ្តីវ័យ៣២ឆ្នាំម្នាក់នៅសហរដ្ឋអាមេរិកផងនោះ ទើបអ្នកស្រីបានសម្រេចចិត្តទាក់ទងទៅខាងមន្ទីរពេទ្យ Pennsylvania។ ជាភ័ព្វសំណាង អ្នកស្រី Jennifer ក៏ទទួលបានសេរីរាង្គស្បូនពីអ្នកបរិច្ចាគម្នាក់ដែលទទួលមរណភាព ហើយខាងមន្ទីរពេទ្យក៏អនុវត្តការវះកាត់ប្តូរស្បូនថ្មី និងអាចជួយឲ្យអ្នកស្រី Jennifer អាចមានកូន និងសម្រាលដោយជោគជ័យ ដែលនេះជាជោគជ័យជាប្រវត្តិសាស្រ្តលើកទីពីរនៃផ្នែកវេជ្ជសាស្រ្តវះកាត់ប្តូរស្បូន។
គួររំឭកដែរថា នៅសហរដ្ឋអាមេរិកក្នុងចំណោមស្រ្តីប្រមាណ៤ពាន់ ទៅ៥ពាន់នាក់ មានម្នាក់កើតបញ្ហាស្បូនមិនដំណើរការដូចករណីអ្នកស្រីJennifer ហើយករណីនេះមានប្រមាណ៥% នៅទូទាំងពិភពលោក ដែលធ្វើឱ្យស្រ្តីពុំអាចមានកូនបាន នេះបើផ្អែកតាមទិន្នន័យពីអង្គការស្រាវជ្រាវជំងឺកម្រ NORD សហរដ្ឋអាមេរិក៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ