បច្ចេកវិទ្យា

តើអ្នកចង់ដឹងទេថា តើប្រព័ន្ធ GPS ដំណើរការបានដោយរបៀបណា?

BY
Khmernote Media
January 17, 2020

Global Positioning System ឬហៅកាត់ថា GPS គឺជាប្រព័ន្ធបច្ចេកវិទ្យាមួយដែលដំណើរការដោយក្រុមផ្កាយរណបស្ទង់ទិសជាង ៣០គ្រឿង កំពុងបណ្តែតខ្លួននៅជុំវិញផែនដីដែលយើងកំពុងរស់នៅមួយនេះ។ យើងអាចដឹងថាផ្កាយរណបទាំងនោះស្ថិតនៅទីតាំងណាបាន គឺដោយសារតែពួកវាបញ្ជូនរលកសញ្ញាចេញមកក្រៅដោយបើកចំហ។ កម្មវិធី GPS ដែលដើរតួជាអ្នកទទួលនៅក្នុងទូរសព្ទដៃរបស់អ្នក នឹងទទួលស្តាប់នៅរាល់រលកសញ្ញាដែលបញ្ជូនមកពីផ្កាយរណបទាំងនោះ។ ភ្លាមៗក្រោយពេលដែលអ្នកទទួលបានគណនានូវរយ:ចម្ងាយរបស់ខ្លួនវាពីផ្កាយរណបចំនួន ៤ ឬច្រើនជាងនេះ នោះវានឹងអាចបង្ហាញលទ្ធផលមកថា​អ្នកកំពុងតែស្ថិតនៅទីតាំងណាជាក់ជាមិនខាន។

មនុស្សម្នាធ្លាប់បានក្រឡេកមើលទៅលើមេឃដើម្បីស្វែងរកទិសដៅសម្រាប់ការធ្វើដំណើរ និងជៀសវាងការវង្វេងផ្លូវចាប់តាំងពីបុរាណកាលមកម្លេះ។ អ្នកបញ្ជាក្តោងទូកនាសម័យបុរាណបានប្រើប្រាស់ហ្វូងតារានៅពេលរាត្រីក្នុងការបង្ហាញថាតើពួកគេកំពុងស្ថិតនៅកន្លែងណា និងកំពុងធ្វើដំណើរទៅណា។

បច្ចុប្បន្ន មនុស្សត្រូវការតែឧបករណ៍ GPS សាមញ្ញមួយគ្រឿងកាន់ក្នុងដៃគឺវាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ស្ទង់ និងកំណត់ទិសដៅបានគ្រប់ទីកន្លែងទាំងអស់នៅលើផែនដីយើងនេះ។ ប៉ុន្តែកុំភ្លេចថា យើងនៅតែត្រូវការឧបករណ៍ដែលពាក់ព័ន្ធមួយចំនួននៅទីលំហអាកាស ដើម្បីជាជំនួយដល់ការសិក្សាពីចំណុចទីតាំងដោយខានពុំបាន ដែលនោះគឺជាផ្កាយរណប។

តើ GPS គឺជាអ្វី?

GPS គឺជាប្រព័ន្ធកំណត់ទីតាំងនៅទូទាំងសកលលោក ដែលវាត្រូវបានគេបង្កើតឡើងជាបីផ្នែក ក្នុងនោះរួមមានផ្កាយរណប (satellites) ស្ថានីយនៅលើដី (ground stations) និងឧបករណ៍ទទួលសញ្ញា (receivers)។

ផ្កាយរណប ដើរតួដូចជាតារានៅក្នុងប្រព័ន្ធផ្កាយយ៉ាងដូច្នោះដែរ និយាយរួមគឺយើងអាចដឹងពីទីកន្លែង និងពេលវេលាដែលពួកវាតាំងនៅ ក្នុងលំហអាកាស។

រីឯស្ថានីយដែលនៅលើដីនេះវិញ នឹងប្រើប្រាស់រ៉ាដាចាប់យកព័ត៌មានដើម្បីឱ្យប្រាកដថាពួកវា (ផ្កាយរណប) នៅកន្លែងដែលយើងគិតថាពួកវាគួរនៅឬក៏អត់។

ឧបករណ៍ទទួល ដូចដែលលោកអ្នកបានដឹងស្រាប់ហើយថាវាមានវត្តមាននៅក្នុងទូរសព្ទ ឬត្រូវបានបំពាក់នៅក្នុងរថយន្តរបស់អ្នក ដោយមានតួនាទីចាំទទួលយករលកសញ្ញាពីផ្កាយរណបទាំងនោះ៕

ប្រភព៖ spaceplace

Share This Post: