កាហ្វេអាចជួយសម្រកទម្ងន់ដោយមិនដឹងខ្លួន តែក៏គួរដឹងរឿងទាំងនេះ
- January 20, 2020
គ្រប់គ្នាប្រាកដជាដឹងខ្លះហើយពីប្រយោជន៍របស់កាហ្វេ ដែលមិនត្រឹមតែជាភេសជ្ជៈមួយពេញនិយម តែកាហ្វេថែមទាំងផ្តល់គុណសម្បត្តិមួយចំនួនដល់រាងកាយទៀតផង។ ថ្មីៗនេះ ការស្រាវជ្រាវមួយធ្វើឡើងនៅប្រទេសសិង្ហបុរីបានបង្ហាញនូវហេតុផលមួយ ថាកាហ្វេជួយឱ្យអ្នកធាត់ស្រកទម្ងន់ដោយសារភេសជ្ជៈនេះ។ ការស្រាវជ្រាវដោយក្រុមការងារសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិក បានសិក្សាពិនិត្យលើឥទ្ធិពលកាហ្វេទៅលើរាងកាយ ដោយបានតាមដានលើការទទួលទានកាហ្វេរបស់អ្នកស្ម័គ្រចិត្ត១២៦នាក់នៅប្រទេសសិង្ហបុរី ដែលពួកគេទាំងនោះ ភាគច្រើនជាអ្នកមានបញ្ហាធាត់លើសទម្ងន់។
ក្នុងការតាមដានរយៈពេល៦ខែ អ្នកស្រាវជ្រាវបានរកឃើញថា ទម្ងន់ជាសរុបរបស់អ្នកស្ម័គ្រចិត្តបានស្រកប្រមាណ៤ភាគរយ ពិសេសលើអ្នកដែលបានទទួលទានកាហ្វេប្រមាណ៤ពែង ក្នុងរបបអាហារប្រចាំថ្ងៃ។
ជាមួយលទ្ធផលនេះ លោក Derrick Johnston វេជ្ជបណ្ឌិតដែលដឹកនាំការស្រាវជ្រាវ បានឱ្យដឹងថា ការណ៍ដែលកាហ្វេបានជួយឱ្យរាងកាយមនុស្សស្រកទម្ងន់ នោះក៏ព្រោះសារធាតុកាហ្វេអ៊ីន បានជួយជំរុញប្រតិកម្មរំលាយអាហារក្នុងរាងកាយ ដែលជាហេតុនាំឱ្យធាតុកាល់ឡូរីក្នុងខ្លួន ត្រូវបានដុតរំលាយច្រើនគួរឱ្យកត់សម្គាល់។
ទោះជាយ៉ាងណា លោក Connie Diekman អ្នកជំនាញផ្នែកអាហារូបត្ថម្ភនៃវិទ្យាស្ថានស្រាវជ្រាវពីរបបអាហារនៃសហរដ្ឋអាមេរិក បានលើកឡើងថា លោកទទួលស្គាល់ថាកាហ្វេពិតជាជួយដល់ការសម្រកទម្ងន់ពិតមែន ប៉ុន្តែការទទួលទានកាហ្វេច្រើន ពិសេសក្នុងបរិមាណកាហ្វេ៤ពែង ដូចករណីខាងលើ អាចបង្កឥទ្ធិពលមួយចំនួនដល់រាងកាយផងដែរ ដូចជា ឈឺក្បាល បេះដូងលោតញាប់ ឈឺក្រពះ ជាដើម។
ផ្អែកតាមការស្រាវជ្រាវមុនៗ បានបង្ហាញស្រដៀងគ្នាថា ការទទួលទានកាហ្វេក្នុងបរិមាណត្រឹមតែ ១-២ពែងក្នុង១ថ្ងៃ គឺល្មមគ្រប់គ្រាន់ដែលផ្តល់ប្រយោជន៍ឱ្យរាងកាយ ហើយកាហ្វេនឹងជំរុញប្រសិទ្ធិភាពបន្ថែម សម្រាប់អ្នកចង់ស្រកគីឡូដោយការហាត់ប្រាណ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: