បច្ចេកវិទ្យា

ដៃគូផ្គត់ផ្គង់របស់ក្រុមហ៊ុន APPLE មួយទៀតហើយ ដែលកំពុងស​ម្លឹងដាក់រោងចក្រនៅវៀតណាម

BY
autoadmin
January 22, 2020

អ្នកផ្គត់ផ្គង់របស់ Apple ក្រុមហ៊ុន Pegatron កំពុងសម្លឹងមើលប្រទេសវៀតណាមជាទីតាំងមួយថ្មី ដែលអាចអនុវត្តការងារផលិតរបស់ខ្លួនបានខ្លះ។ ការផ្លាស់ប្តូរនេះនឹងជួយ Pegatron ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតមួយរបស់ Apple ដើម្បីធ្វើឱ្យមានធ្វើពិពិធកម្មក្រៅស្រុក ដែលសព្វថ្ងៃនេះវាកំពុងមានមូលដ្ឋាននៅប្រទេសចិន។ យោងតាមរបាយការណ៍ពី Bloomberg និយាយថា ក្រុមហ៊ុន Pegatron ចង់សាងសង់រោងចក្រថ្មីនៅភាគខាងជើងនៃប្រទេសវៀតណាម។ ក្រុមហ៊ុនក៏បានជួលកន្លែងមួយនៅភាគខាងជើងទីក្រុងហៃហ្វុង (Haiphong) របស់វៀតណាមផងដែរ។

សម្រាប់ក្រុមហ៊ុនផលិតឧបករណ៍ឱ្យ Apple ដូចជា Foxconn ក៏បានពង្រីកផលិតកម្មទៅកាន់កន្លែងជាច្រើនដូចជាប្រទេសឥណ្ឌារួចទៅហើយ។ ឥឡូវ Pegatron ដើរតាម Foxconn, Wistron, អ្នកផលិតកាស AirPods ក្រុមហ៊ុន GoerTek និងអ្នកតំឡើងគ្រឿងបន្លាស់ Compal Electronics និង Luxshare Precision ក្នុងការចាប់យកការផលិតនៅប្រទេសវៀតណាម។ លោក Roy Lee អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចជុងហួ ដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិបានប្រាប់សារព័ត៌មាន Bloomberg ថា៖ «ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅប្រទេសវៀតណាម បានជួយបង្កើនគុណភាពកម្មកររបស់ខ្លួនឱ្យជិតដល់កម្រិតរបស់ប្រទេសចិន»។

លោកក៏បានចង្អុលបង្ហាញថា រដ្ឋាភិបាលវៀតណាមកំពុងព្យាយាមធ្វើឱ្យមានភាពងាយស្រួល សម្រាប់ក្រុមហ៊ុនក្នុងការវិនិយោគនៅក្នុងប្រទេស។ ប៉ុន្តែយ៉ាងណាក៏ដោយវានៅមិនច្បាស់ទេថា Pegatron នឹងផលិត iPhone ឱ្យ Apple នៅក្នុងប្រទេសវៀតណាមនោះទេ មានតែត្រូវរង់ចាំមើលជំហានបន្ទាប់របស់ក្រុមហ៊ុននេះ៕

អត្ថបទ៖ លីដា

Share This Post: