មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី?
ករណីរកឃើញវីរុសកូរ៉ូណាថ្មីនៅទឹកដីកម្ពុជាដែលឆ្លងនោះជាជនជាតិចិន មកពីវូហាន ទៀតនោះ រឹតតែធ្វើឲ្យប្រជាជនព្រួយបារម្ភទ្វេដង។ ទន្ទឹមនឹងនោះផងដែរ ក៏មានការលើកឡើងជាសំណួរផ្សេងៗគ្នាថា តើមនុស្សប្រភេទណាងាយនឹងឆ្លងវីរុសកូរ៉ូណាថ្មីនេះ? លោកវេជ្ជបណ្ឌិត សូ សំណាង ឯកទេសទូទៅ បានឲ្យដឹងថា អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ហើយមានជំងឺផ្សេងៗទៀតនោះងាយនឹងឆ្លងណាស់ ដូចជា អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺបេះដូង អ្នកជំងឺរបេង លើសសម្ពាធឈាម ដែលអ្នកទាំងប៉ុន្មានប្រភេទនោះពេលឆ្លងវីរុសកូរ៉ូណា សភាពកាន់តែដុនដាបខ្លាំង និងអត្រាព្យាបាលជាសះស្បើយក៏កាន់តែតិចដែរ។
មួយវិញទៀតចំពោះ ទារក កុមារតូចៗ និងមនុស្សចាស់ជរា ក៏ងាយឆ្លងដែរ ព្រោះប្រព័ន្ធការពារក្មេងនៅខ្ចី និងមិនទាន់វិវត្តបានរឹងមាំ ហើយចាស់ប្រព័ន្ធការពាររាងកាយចុះខ្សោយ។
លោកក៏បានបញ្ជាក់ទៀតដែរថា សម្រាប់អ្នកជំងឺខ្លះដែលព្យាបាលជាសះស្បើយមកពីប្រព័ន្ធការពាររាងកាយរឹងមាំល្អ ហើយគ្រូពេទ្យនឹងបន្ថែមរបបអាហារដែលជួយពង្រឹងប្រព័ន្ធការពារ។ ដូចនេះយើងត្រូវញ៉ាំអាហារណាដែលជួយដល់រាងកាយ ជាពិសេសពពួកសាច់ ព្រោះវាចូលទៅជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ ពេលឆ្លងជំងឺមិនសូវធ្លាក់ដុនដាបខ្លាំង។ ដូចនេះដើម្បីការពារខ្លួនពីវីរុសនោះ ត្រូវពាក់ម៉ាស់ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ កុំទៅជិតអ្នកមានជំងឺផ្លូវដង្ហើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
