សុខភាព

ក្មេងៗពេលផ្ដាសាយ លេបថ្នាំ ១ ប្រភេទនេះ អាចប៉ះពាល់ខួរក្បាល

BY
Khmernote Media
February 3, 2020

ភាគច្រើននៅ​ពេល​យើង​ ឬសមាជិកគ្រួសារណាមាន​ជំងឺ​ផ្ដាសាយ តែងតែ​ទៅ​គ្លីនិក ឬឱសថស្ថាន​​ផ្សេង​ៗ ដើម្បី​ផ្សំ​ថ្នាំ​លេបដោយ​គ្មាន​ការ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ។ គ្លីនិក​ ឬ​ឱសថ​ស្ថានមួយ​ចំនួន​បាន​ផ្សំ​ថ្នាំ​មិន​បាន​ត្រឹមត្រូវ​ ដោយ​ដាក់​បញ្ចូល​ថ្នាំ​បំបាត់​ការ​ឈឺ​ចុកចាប់ ១ ប្រភេទ ដើម្បី​ឲ្យ​ស្ថានភាព​ជំងឺ​ឆាប់​ជា​រហ័ស តែ​លោក​វេជ្ជបណ្ឌិត​ជំងឺ​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​ថ្នាំ​ប្រភេទនេះមិន​ល្អ​ឡើយ ជាពិសេស​ក្មេង​ៗ។

វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ បាន​បន្ត​ទៀត​ថា ពេល​ផ្ដាសាយ​គេ​ហាម​មិន​ឲ្យ​ប្រើ​ថ្នាំ​មួយ​ប្រភេទ គឺ​ថ្នាំ​អាស្ពេរីន។ លោក​បាន​បន្ត​ទៀត​ថា មិន​មែន​តែ​ផ្ដាសាយ​តូច ផ្ដាសាយ​ធំ​ឡើយ ក្ដៅខ្លួន ឬចេញ​អុតស្វាយឡើយ ​គឺ​ជំងឺ​ដែល​បង្ក​ដោយមេរោគ ក៏​ពេទ្យ​មិន​តម្រូវ​ដែរ ព្រោះ​វា​នាំឲ្យ​មាន​បញ្ហា​ខួរ​ក្បាល ពោល​នាំ​ឲ្យ​ហើម​ខួរ​ក្បាល និង​រីក​ថ្លើម​ធ្ងន់ធ្ងរ។ ពេល​មាន​បញ្ហា​ហើម​ខួរ​ក្បាល វា​ភ្ជាប់​នឹង​ជំងឺ​មួយ​ហៅថា Reye’s syndrome។

អ្នក​វិទ្យាសាស្ត្រ​បាន​បញ្ជាក់​ថា Reye’s syndrome នេះ​វា​មិន​ទាន់​មាន​មូលហេតុ​អ្វី​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​វា​កើត​ឡើង​ចំពោះ​អ្នក​ប្រើ​ថ្នាំ​អាស្ពេរីន ចំណែក​រោគសញ្ញា​មាន​ចាប់​ពី ៣ ថ្ងៃ​ឡើង ​នៅ​ពេល​ខួរក្បាល​រីក​ធ្វើឲ្យមាន​អាការៈ​ដូចជា ឈឺក្បាល ក្អួត​មិន​ឈប់ ប្រកាច់ ឬ​សន្លប់​ជាដើម។

ប្រសិនបើ​កូន​មាន​រោគសញ្ញា​អស់​ទាំង​នោះ សូម​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ជា​ប្រញាប់ ដើម្បី​ទប់ស្កាត់​តាមដាន​ស្ថានភាព​ជំងឺ។ ដូច្នេះ​ហើយ​មាន​ជំងឺ​ឆ្លង​ដោយសារ​មេរោគ សូម​ប្រើ​តែ PARACETAMOL និង IBUPROFEN ក្នុង​ការ​រក្សា​កម្ដៅ និង​បំបាត់​ការ​ឈឺចាប់។

គួរ​បញ្ជាក់​ផង​ដែរ​ថា ហើម​ខួរ​ក្បាល​ដែល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​អាស្ពេរីន​នោះ​ច្រើន ជាទូទៅ​វា​កើត​លើ​ក្មេង​ក្រោម ១៨ ឆ្នាំ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

 

Share This Post: