សុខភាព

ក្មេងអាយុក្រោម២ឆ្នាំ ហាមដាច់ខាតប្រើប្រេងកូឡា-ប្រេងរឹតគ្រប់ប្រភេទ

BY
Khmernote Media
February 7, 2020

ម៉ាក់ប៉ា​មួយ​ចំនួន ជា​ពិសេស​ចាស់ៗ ចូល​ចិត្ត​ណាស់​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង ដោយ​លាប​លើ​បង្ហើយ​ដើម្បី​ឲ្យ​ឆាប់​​រឹង លាប​លើ​​ស្បែក​ពេល​មាន​កន្ទួល​រមាស់ ឬ​សត្វ​ល្អិត​ទិច​ខាំ លាប​លើ​ពោះ ដើម្បី​បំបាត់​អាការៈ​ហើម​ពោះ​ជា​ដើម។ ការ​លាប​ប្រេង​កូឡា​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំ មិន​ត្រឹម​តែ​គ្មាន​បាន​ប្រយោជន៍​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​សុខភាព​ក្មេង​​ទៀត នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី។

វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​បន្ត​ថា ក្បួន​ពេទ្យ​ហាម​ដាច់​ខាត​ប្រើ​ប្រេង​កូឡា​លាប​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំ ទោះ​ជា​ប្រេង​ប្រភេទ​ណា​ក៏​ដោយ ព្រោះ​គ្មាន​ការ​សិក្សា​ណា​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ប្រេង​កូឡា​ចំពោះ​ក្មេង​នោះ​ទេ។

“អត់​មាន​ការ​សិក្សា​ណា​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ប្រេង​កូឡា​អី​ម៉េច​ទេ ប៉ុន្តែ​មាន​ការ​សិក្សា​ថា ប្រេង​កូឡា​ផ្តល់​ផល​មិន​ល្អ​ទៅ​ដល់​កុមារក្រោម​២ឆ្នាំ។ ប្រេង​កូឡា​ម៉ាក​ណា​ក៏​ដោយ ដាច់​ខាត​អត់​ឲ្យ​ក្មេង​ប្រើ​ប្រេង​កូឡា ប្រេង​រឹត​ទេ ប្រេង​ចិន​សែ ប្រេង​អី​ក៏​ដោយ”។ លោកស្រី​វេជ្ជបណ្ឌិត រៀបរាប់។

វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ

ទោះ​ជា​យើង​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង​នៅ​កន្លែង​ណា​ក៏​ដោយ មិន​ថា​លើ​ក្បាល លើ​ស្បែក លើ​ពោះ ឬ​កន្លែង​ផ្សេង​នោះ​ទេ លោកស្រី​វេជ្ជបណ្ឌិត​ថា ក្បួន​ពេទ្យ​ហាម​ដាច់​ខាត​ចំពោះ​ការ​ប្រើ​ប្រេង​កូឡា​លាប​លើ​ក្មេង​អាយុ​ក្រោម​២​ឆ្នាំ។

ចំពោះ​ផល​ប៉ះ​ពាល់​នៃ​ការ​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង​អាយុ​ក្រោម ២ឆ្នាំ វិញ ទី១ ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​ដង្ហើម ធ្វើ​ឲ្យ​ក្មេង​ពុល ទី១ ប៉ះ​ពាល់​ដល់​ខួរ​ក្បាល ធ្វើ​ឲ្យ​ក្មេង​អាប់​ប្រាជ្ញា និងទី៣ ធ្វើ​ឲ្យ​ក្មេង​មាន​បញ្ហា​ស្បែក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: