បច្ចេកវិទ្យា

Apple រងការពិន័យជិត៣០លានដុល្លារ ដោយសារមានចេតនាធ្វើឲ្យ iPhone ស៊េរីចាស់ៗដើរយឺត

BY
Khmernote Media
February 8, 2020

ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយនៅពេល ដែលក្រុមហ៊ុនផលិតស្មាតហ្វូនយក្សអាមេរិកត្រូវបានទទួលរងពិន័យ ដោយសារតែបញ្ហារបស់ស្មាតហ្វូនរបស់ខ្លួនឯង។ គេជឿជាក់ថា ក្រុមហ៊ុន Apple ថ្មីៗនេះទើបតែត្រូវបានពិន័យជាប្រាក់ចំនួន ២៥ លានអឺរ៉ូឬប្រមាណជា២៧លានដុល្លារអាមេរិក ពីបទមានចេតនាធ្វើឲ្យ iPhone ម៉ូដែលចាស់ៗដើរយឺត។

ការផាកពិន័យនេះត្រូវបានធ្វើឡើងដោយក្រុមឃ្លាំមើលការប្រកួតប្រជែង និងការក្លែងបន្លំរបស់បារាំង ដែលហៅកាត់ថា DGCCRF ដោយនិយាយថា អតិថិជនមិនត្រូវបានក្រុមហ៊ុននេះបញ្ជាក់ឲ្យបានដឹងជាមុនឡើយ ។ កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន Apple បានបញ្ជាក់ថាខ្លួនបានបន្ថយល្បឿនដំណើររបស់ iPhone មួយចំនួន ប៉ុន្តែបាននិយាយថាខ្លួនធ្វើដូច្នេះដើម្បីពន្យារអាយុកាលប្រើប្រាស់របស់ឧបករណ៍តែប៉ុណ្ណោះ។ ប៉ុន្តែគ្រានោះក្រុមហ៊ុនក៏បានិយាយប្រាប់ទៅកាន់ក្រុមឃ្លាំមើលទាំងនោះដែរថា ខ្លួនបានដោះស្រាយបញ្ហាទាំងនោះអស់ហើយ ខណៈដែលអតិថិជនជាច្រើនបានដឹងមកហើយអំពីបញ្ហានេះហើយយល់ឃើញយ៉ាងច្បាស់ថាវាគឺជាយុទ្ធសាស្ត្រដើម្បីបង្ខំឲ្យពួកគេក្នុងការសម្រេចចិត្តទិញម៉ូដែលជំនាន់ថ្មីជំនួសវិញ។

Apple បានបញ្ជាក់ថា បញ្ហាថ្មនៅក្នុង iPhone ប្រើយូរទៅធ្វើឲ្យសមត្ថភាពធ្លាក់ចុះ ទើបធ្វើឲ្យ iPhone ដំណើរការយឺតជាងមុន ប៉ុន្តែខាងក្រុមហ៊ុនបញ្ជាក់ថា ការធ្វើឲ្យយឺតដំណើរលើ iPhone នោះ គឺមិនបានបង្ខំឲ្យអ្នកប្រើប្រាស់ប្តូរទៅទិញ iPhone ថ្មីឡើយ៕

អត្ថបទ៖ ស៊ុនលី

Share This Post: