បច្ចេកវិទ្យា

វៀតណាមអាចជាទីតាំងថ្មីសម្រាប់ផលិតកម្ម Airpods ឱ្យក្រុមហ៊ុន Apple ខណៈមានការភ័យក្លាចពីវីរុសកូរ៉ីណាក្នុងប្រទេសចិន

BY
autoadmin
February 10, 2020

ប្រភពជាច្រើនបានប្រាប់សារព័ត៌មាន Nikkei Asian Review ថា ផែនការរបស់ក្រុមហ៊ុន Apple ដើម្បីផលិតកាស់ AirPods ឱ្យបានច្រើនគឺកំពុងស្ថិតនៅក្រោមការគំរាមកំហែងពីវីរុសកូរ៉ូណា ដែលវាបានបង្ខំឱ្យរោងចក្រផលិតនៅក្នុងប្រទេសចិន បញ្ឈប់ប្រតិបត្តិការទាំងអស់រយៈពេលពីរសប្តាហ៍ ហើយអាចធ្វើឱ្យពួកគេខ្វះខាតសូម្បីតែការផលិតចាប់ផ្ដើមឡើងវិញក៏ដោយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានបញ្ជាឱ្យអ្នកផ្គត់ផ្គង់របស់ខ្លួនផលិតកាស់ឱ្យបាន ៤៥លានគ្រឿង ក្នុងឆមាសទី០១ (៦ខែដំបូង) សម្រាប់ឆ្នាំនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃកាស់ស្តាប់ត្រចៀកទំនើបឥតខ្សែរបស់ពួកគេ។

ប្រភពដដែលបានបន្តថា ទោះជាយ៉ាងណាក៏ដោយស្តុក AirPods បច្ចុប្បន្នកំពុងតែជិតដាច់ស្តុក ដោយសារភាគច្រើននៃផលិតផលសម្រេចត្រូវបានកក់ទុក (reserve) សម្រាប់ហាងលក់អ៊ីនធឺណេត និងក្រៅបណ្តាញរបស់ក្រុមហ៊ុន Apple។ ប៉ុន្តែយ៉ាងណាបច្ចុប្បន្ននេះ AirPods ស្តង់ដារនៅតែមាននៅក្នុងស្តុកដដែល នេះបើយោងតាមហាងលក់តាមអ៊ិនធឺណេតផ្លូវការរបស់ក្រុមហ៊ុន Apple ខណៈពេលដែលត្រូវរង់ចាំមួយខែសម្រាប់ AirPods Pro ស៊េរីថ្មី ដែលទើបដំណើរការកាលពីខែកញ្ញាឆ្នាំមុន។ ចំពេលដែលប្រទេសចិនកំពុងមានការគំរាមកំហែងពីវីរុសកូរ៉ូណា ក្រុមហ៊ុន Apple គឺកំពុងស្ទាក់ស្ទើរចិត្តថា តើគួរប្ដូរផលិតកម្មរបស់ខ្លួនទៅវៀតណាម ឬយ៉ាងណា?

ប៉ុន្តែបើយើងមើលតាមស្ថានការណ៍ជាក់ស្ដែង ប្រទេសចិនកំពុងស្ថិតក្នុងអំឡុងពេលបិទទ្វារដើម្បីតាមដានវីរុសកូរ៉ូណា ដែលវាបានសម្លាប់មនុស្សជាង ៩០០នាក់ និងបានចម្លងដល់មនុស្ស ៤០,០០០នាក់ មកហើយ។ ការបិទទ្វារ និងបិទមធ្យោបាយដឹកជញ្ជូនចេញចូល នឹងធ្វើឱ្យកាស់ AirPods ដែលផលិតនៅក្នុងប្រទេសចិនមិនអាចដំណើរការបានទាន់ពេលវេលានោះទេ។ ម៉្យាងទៀត Apple កំពុងមានគម្រោងផលិតកាស់ឥតខ្សែឱ្យបាន ៤៥លានគ្រឿង ដូច្នេះបើពួកគេចង់ឱ្យបានគ្រប់តម្រូវការ មានតែត្រូវប្រញាប់សម្រេចចិត្តថានឹងទៅវៀតណាមឱ្យបានឆាប់បំផុត៕

អត្ថបទ៖ លីដា

Share This Post: