បច្ចេកវិទ្យា

ជឿអត់!អ្នក​វិទ្យាសាស្រ្តថា​ ការ​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍​មាន​ប្រាំ​ដំណាក់​កាល​

BY
Khmernote Media
February 11, 2020

គ្នា​យើង​ទំនងជា​ដឹង​ច្បាស់ណាស់ថា ពាក្យ «ស្រលាញ់​» ជា​ពាក្យ​មួយ​ដែល​ស្រួល​សរសេរ ប៉ុន្តែ​ពិបាក​ក្នុង​ការ​និយាយ។ គេ​តែង​និយាយ​ថា​ ក្តី​ស្រលាញ់​គឺ​បរិសុទ្ធ គ្មាន​ព្រំដែន ហើយ​ស្ថិតស្ថេរ​រហូត​ ប៉ុន្តែក្តី​ស្រលាញ់ក៏​គ្មាន​ហេតុផល មើល​ទៅ​ឆ្កួតៗ និងពេល​ខ្លះ​​ពិបាក​យល់​ខ្លាំងក៏មាន​។ Midea បាន​ពណ៌នា​ក្តី​ស្រលាញ់ថា​ជា “zing” នៅ​ក្នុង​ភ្នែក ហើយតែងតែ​បញ្ចប់​ដោយ​ភាព​សប្បាយ​រីករាយ​ជារៀងរហូត ដូច​ជា​ភាគ​បញ្ចប់​នៅ​ក្នុង​រឿង​។ យោង​តាម​អ្នក​វិទ្យាសាស្រ្ត​ក្តី​ស្រលាញ់​ចែកជា​ប្រាំ​ដំណាក់​កាល។

១- ភ័យ​បុក​ពោះ

គ្រាន់​តែ​ការ​សម្លឹង ការ​សើច​ដាក់​គ្នា និង​ពាក្យ​សួស្តីមួយម៉ាត់​ ពី​មនុស្ស​ពិសេស​ម្នាក់​អាច​ធ្វើ​ឲ្យ​គ្នា​យើង​ខ្លះ​ភ័យ​បុក​ពោះ​បានផងក៏មាន​។ វា​ត្រូវ​បាន​គេហៅ​ថា “happy anxiety” ដោយ​សារ​តែ​យើង​ក​មិន​អាច​ឈប់​គិត​ពីវា​ ឬ​ផ្តោត​អារម្មណ៍​ធ្វើ​ការ​ធ្វី​ផ្សេង​បាន។ យើង​​ព្យាយាម​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​ឲ្យ​ភាគីម្ខាងទៀត​​ចាប់​អារម្មណ៍ ហើយ​ពេល​ខ្លះពិបាក​ចិត្ត​ពេល​យើង​​ធ្វើ​អ្វីមួយ​​ខុស និង​ពេល​ខ្លះ​ទៀត​យើង​បាន​​ព្យាយាម​យក​ឈ្នះ​ចិត្ត​គេ​ ប៉ុន្តែ​ពេល​ខ្លះ​វា​ហាក់​ដូចជា​លើស។

២- ការ​វិវត្តន៍

ជា​ដំណាក់​កាល​ដែល​វិវត្តន៍ចេញ​ពី​​មិត្ត​ភិក្ត​ ទៅ​ជា​ទំនាក់​ទំនង​ស្នេហា។ មាន​ពេល​ខ្លះ​បេះ​ដូង​យើង​លោត​លឿន ហើយ​មុខ​យើង​​ប្រែ​ទៅ​ជា​ក្រហម ហើយ​ចិត្ត​អវិញ​ស​​ប្បាយ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន។ អ្នក​វិទ្យាសាស្រ្ត​បាន​បកស្រាយ​ថា​វា​ជា​ឥទ្ធិពលអរម៉ូនដូប៉ាមីន(dopamine) និងអាដ្រេណាលីន (adrenaline) ដែល​ធ្វើ​ឲ្យ​បេះ​ដូង​យើង​​លោត​ញាប់ ហើយ​ក្រោយ​មក​ក៍មាន​ការ​បញ្ចេញ សេរ៉ូតូនីន​ (serotonin) ដែល​អាច​ហៅ​ម៉្យាង​ទៀត​ថា​ជា​ “សារធាតុគីមី​នៃ​សុភមង្គល” ទៅ​កាន់​ខួរ​ក្បាល​អ្នក​ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ការ​ធ្លាក់​ក្នុង​អន្លុង​ស្នេហ៍​គឺ​ជា​រឿង​ដែល​ល្អ​ជាង​គេ​។ ក្នុង​កំឡុង​ពេល​នេះ យើង​​ក៍​ដឹង​រឿង​ខ្លះ​ពីគេ ដែល​ធ្វើ​ឲ្យ​យើង​​យល់​កាន់​តែ​ច្បាស់​ពី​អារម្មណ៍​របស់​យើង​មាន​ចំពោះ​ម្នាក់​នោះ​។

៣- ការ​វាយតម្លៃ

ដំនាក់កាល​នេះ​ យើង​​ចាប់​ផ្តើម​យក​ចំណុច​តូចៗ​ផ្គុំចូល​គ្នា​ហើយ​មើល​វា​ជា​រូប​ភាព​ធំ​វិញ​ម្តង។ រឿង​ដែល​មិន​ត្រូវគ្នា​នឹង​ក្លាយ​ជា​វិញ្ញាសារ​មួយ​សម្រាប់​យើង​​ទាំង​ពីរ ប៉ុន្តែ​ចិត្ត​ និង​គោល​ដៅ​យើង​​គឺ​នៅ​ដដែល។ យើង​​ចាប់​ផ្តើម​គិត​ច្បាស់​លាស់​ពី​ទំនាក់​ទំនង​មួយ​នេះ។ វា​ជា​ដំណាក់​កាល​មួយ​ដែល​ចង្វាក់​បេះ​ដូងយើង​​ចាប់​ផ្តើម​គិតរក​ហេតុផលផ្សេងៗ​ហើយ​។​

៤- ភាព​ស្មោះត្រង់

មក​ដល់​ពេល​នេះភាពស្មោះ​ត្រង់​ក៏បាន​ចូល​មក​ដល់​ដែរ​។ អារម្មណ៍​ដែល​ចង់​ឲ្យ​ដៃ​គូយើង​​ចាប់​អារម្មណ៍​ដូច​មុន​ត្រូវ​បាន​រសាយ។ ពេលនេះវា​ជា​ពេលវេលា​​ដែលគ្នា​យើង​ខ្លះ​​​ចាប់​ផ្តើម​បញ្ចេញ​នូវ​ចរិត​ពិត​របស់យើងហើយ ដោយ​រួម​មាន​ របួស​ពី​មុន​ និង​ចំណុច​មិន​ល្អ​មួយ​ចំនួន។ វា​ជា​ដំណាក់​កាល​ដែល​ទំនាក់​ទំនង​មួយ​នេះ​អាច​បន្ត​ទៅ​មុខ​ទៀត​ ឬ​បែក​គ្នា។ គូជា​ច្រើន​បាន​បែក​គ្នា​ក្នុង​ដំណាក់​កាល​នេះ ប៉ុន្តែ​បើយើង​អាច​ឆ្លង​កាត់​ដំណាក់​កាល​នេះ​ចូល​ដល់​ដំណាក់​កាលទី​ទី៥​បាន មាន​ន័យ​ថា​ដៃ​គូ​យើង​ស្រលាញ់​អ្វីដែល​ជា​យើង​ហើយ​។

៥- ភាព​ស្ថិតស្ថេរ​

បន្ទាប់​ពី​ចំណាយ​ពេល​នៅ​ជាមួយ​គ្នាមួយ​រយៈ​មក​​​ យើង​​ទាំង​ពីរ​ចាប់​ផ្តើម​ភ្ជាប់​គ្នា​ទាំង​ផ្នែក​​ផ្លូវ​ចិត្ត​និង​រាងកាយ។ ដៃ​គូ​នៅ​ក្នុង​ដំណាក់​កាល​នេះ​ពុំ​មាន​អារម្មណ៍​រំជើបរំជួល​ទៀត​ទេ​ ព្រោះ​យើង​នឹង​ដៃគូ​​មាន​ផាសុខភាព​ជាមួយ​គ្នា​រួច​ហើយ។

ទោះ​បីជា​ យើង​ស្ថិត​​នៅ​ក្នុង​ដំណាក់​កាល​ណា​មួយ​ក៏​ដោយ​ យើង​ត្រូវ​ចាំ​ថា​ក្តីស្រលាញ់​គី​គ្មាន​ហេតុផល​ទេ ដូចនេះយើង​​អាច​ធ្វើ​រឿង​ឆ្កួតៗ រ៉ូម៉េនទិក​ យូរៗ​ម្តង​បាន​ដើម្បី​ឲ្យ​ស្នេហាយើង​​កាន់​តែ​ផ្អែម​ល្ហែម​ជាង​មុន​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: