សុខភាព

ធ្វើយ៉ាងម៉េច ទើបដឹងថាមានកូនក្រៅស្បូន?

BY
Khmernote Media
February 12, 2020

កូន​ក្រៅ​ស្បូន គឺជា​ការ​បង្ក​កំណើត​របស់​កូន ដែល​ស្ថិត​នៅ​ខាង​ក្រៅ​ប្រហោង​ស្បូន ហើយ​កូន​ក្រៅ​ស្បូន​នេះ​ដែរ ភាគច្រើន​នៅ​ក្នុង​បំពង់​ដៃ​ស្បូន ដែល​បង្ក​លក្ខណៈ​មិន​អាច​មាន​ផ្ទៃពោះ​ដូច​មនុស្ស​ធម្មតា។ នេះ​បើ​តាម​ការឲ្យដឹងពីលោក​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ ​បម្រើ​ការងារនៅគ្លីនិក មង្គល​ទួល​សង្កែ។ លោក​បន្ត​ថា វា​មិន​ត្រឹមតែ​នៅ​ក្នុង​បំពង់​ដៃ​ស្បូន​ប៉ុណ្ណោះ​ទេ ពេល​ខ្លះ​ក៏​អាច​កើត​នៅ​ក្នុង​ក្រពេញ​អូវែ មាត់ស្បូន ឬ​ក្នុង​ពោះ​ជាដើម ហើយ​មាន​កត្តា​ជាច្រើន​ដែល​នាំ​ឲ្យ​ស្ត្រី​ជួប​បញ្ហា​កូន​ក្រៅ​ស្បូន​នេះ ហើយ​ក្នុង​នោះ​មាន​ដូចជា៖

– ជក់​បារី
– រលាក​ដៃស្បូន
– មាន​ប្រវត្តិ​កូន​ក្រៅ​ស្បូន
– ធ្លាប់​ឆ្លង​មេរោគ​នៅ​អាង​ត្រគៀក​ពី​មុន
– មាន​ជំងឺ Endometriosis
– ធ្លាប់​វះកាត់​ដៃ​ស្បូន​ពី​មុន
– ធ្លាប់​វះកាត់​ពោះ​ពី​មុន
– ការប្រើប្រាស់​ឧបករណ៍​ពន្យារ​កំណើត ធ្វើ​នៅ​ក្នុង​ស្បូន (IUCD ឬ IUD)

ចំពោះ​រោគសញ្ញា​ទូទៅ​វិញ​វេជ្ជបណ្ឌិត​រូប​នោះ បាន​ឲ្យ​ដឹង​ថា​មិន​មាន​អ្វី​ច្រើន​ឡើយ គឺ​បាត់​រដូវ ឈឺ​ពោះ និង​មាន​ហូរ​ឈាម​តាម​ទ្វារ​មាស​ពណ៌ក្រម៉ៅ ដែល​នេះ​ជា​រោគសញ្ញា​ទូទៅ​ពេល​កូន​ក្រៅ​ស្បូន​មិន​ទាន់​ធ្លាយ។ ប៉ុន្តែ​ពេល​ខ្លះ​រោគ​សញ្ញា​ទាំង​នោះ មិន​ទាន់​ប្រាកដ ១០០% ដែរ ទាល់តែ​តាមដាន​ជា​មួយ​គ្រូពេទ្យ​ជំនាញ​សិន ទើប​អាច​វិនិច្ឆ័យ​តាម​បាន​ច្បាស់។

ដើម្បី​ឲ្យដឹងច្បាស់​ថាមានកូនក្រៅស្បូនឬអត់ គ្រូពេទ្យ​នឹង​ពិនិត្យ​ទៅ​លើ៖

– ឧបករណ៍មើលក្នុងស្បូន (Coeliosopie)
– ពិនិត្យអត្រាអ័រម៉ូន
-ពិនិត្យអេកូពោះ និងអេកូក្នុងទ្វារមាស
-ពិនិត្យ​ឈាម-ទឹក​នោម។

រីឯ​វិធី​ព្យាបាល​វិញ គឺ​មើល​តាម​ស្ថានភាព​កូន​នោះ បើ​មិន​ទាន់​ធ្លាយ​អាច​ចោះ​យក​តាម​ដៃ​ស្បូន ហើយ​បើ​ធ្លាយ​គឺ​ប្រើ​វិធី​វះកាត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: