មន្ត្រីចិន៖ គ្រូពេទ្យ៦នាក់ស្លាប់ និងជាង១៧០០នាក់ឆ្លងវីរុសកូរ៉ូណាថ្មី
- February 14, 2020
មន្ត្រីចិននិយាយថាក្រូពេទ្យចំនួនប្រាំមួយនាក់បានស្លាប់ដោយសារវីរុកូរ៉ូណាថ្មីឬឈ្មោះថ្មីហៅថា COVID-19 ខណៈបុគ្គលិកសុខាភិបាលជាង១ ៧០០នាក់ផ្សេងទៀតបានឆ្លងវីរុសនេះ ដោយថាមកពីមានការខ្វះខាតសម្ភារៈការពារខ្លួនត្រឹមត្រូវ។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលចិនបាននិយាយនៅគណៈកម្មការសុខភាពជាតិនៅថ្ងៃទី១៤ កុម្ភៈ នេះថាគិតត្រឹមថ្ងៃអង្គារក្នុងសប្ដាហ៍នេះ បុគ្គលិកសុខាភិបាលចំនួន១ ៧១៦នាក់បានឆ្លងវីរុសកូរ៉ូណាថ្មី និងប្រាំមួយនាក់បានស្លាប់។
លោកបន្តថាភាគច្រើននៃគ្រូពេទ្យដែលឆ្លងវីរុសនេះគឺនៅខេត្តហ៊ួប៉ី ក្នុងនោះទីក្រុងអ៊ូហាន មានចំនួន១ ១០២នាក់ និងមាន៤០០នាក់ផ្សេងទៀតឆ្លងនៅតំបន់ផ្សេងក្នុងខេត្តហ៊ួប៉ី។
ហានិភ័យចំពោះក្រុមគ្រូពេទ្យគឺត្រូវបានគេផ្សព្វផ្សាយឲ្យដឹងកាលពីថ្ងៃទី៧ ខែកុម្ភៈ បន្ទាប់ពីការស្លាប់របស់លោកវេជ្ជបណ្ឌិត Li Wenliang ដោយវីរុសកូរ៉ូណាថ្មី ដែលជាវេជ្ជបណ្ឌិតចេញមុខផ្សព្វផ្សាយព័ត៌មានពីវីរុសនេះទៅសាធារណជន តែពេលនោះត្រូវអាជ្ញាធររាំងខ្ទប់។
គួរបញ្ជាក់ថាគិតត្រឹមថ្ងៃនេះ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីមានចំនួនជាង៦៥ ០០០ករណី និងស្លាប់ជាង១ ៤០០នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: