ក្រសួងចេញវិធានការ៤យ៉ាង ចំពោះការីនិងភ្នាក់ងារទេសចរណ៍ ដើម្បីបង្ការ COVID-19
- February 19, 2020
នៅរសៀលនេះក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំមួយអំពីការបង្ការឆ្លង COVID-19 ដល់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍។ វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាថ្មី សម្រាប់ទេសចរមាន ៤ យ៉ាង៖
១- ត្រូវជូនដំណឹងដល់ទេសចរឲ្យដឹងអំពីវិធានការត្រួតពិនិត្យគ្រប់អ្នកដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិ អំពីជំងឺរលាកសួតវីរុសកូរ៉ូណាថ្មី ឆ្នាំ ២០១៩ នៅពេលមកដល់ប្រទេសកម្ពុជា។ ការត្រួតពិនិត្យនេះមាននៅគ្រប់ច្រកអន្តរជាតិផ្លូវអាកាស ច្រកទ្វារអន្តរជាតិផ្លូវគោក និងច្រកទ្វារអន្តរជាតិផ្លូវទឹក។
២- ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍គួរផ្សព្វផ្សាយព័ត៌មានអំពីការប្រឹក្សាយោបល់ផ្នែកសុខភាព ជាពិសេសទៅដល់អ្នកដែលធ្លាប់ធ្វើដំណើរទៅកាន់តំបន់រងគ្រោះនានា (រយៈពេល ១៤ ថ្ងៃកន្លងទៅ) រួមមាន៖ ទីក្រុងវូហាន ជីជាំង ជីប៊ី ហ៊ួងហ្កាង លីឈួន ជីវចូវ គីនជាំង ស៊ីជាំង ហ៊ួងស៊ី ជាននឹង សៀវហ្កាន អិនស៊ី និងគ័ងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ឬទីក្រុងផ្សេងទៀតដែលអាចនឹងប្រកាសថា ជាតំបន់ផ្ទុះជំងឺរាតត្បាត និងបង្ហាញពីរោគសញ្ញាដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ រលាកបំពង់ក ហៀរសំបោរ ឬមានអាការៈពិបាកដកដង្ហើម។ ទីភ្នាក់ងារទាំងនេះគួរផ្ដល់ព័ត៌មានសំខាន់ៗអំពីរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ ២០១៩ (COVID-19)។ ប្រសិនបើនរណាម្នាក់មានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ រលាកបំពង់ក ហៀរសំបោរ និងមានអាការៈពិបាកដកដង្ហើម ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍គួរតែផ្អាកការធ្វើដំណើររបស់ពួកគេ។
៣- ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍គួរតែជូនដំណឹងដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកអមដំណើរទេសចរ អំពីវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ ២០១៩ (COVID-19) តំបន់ហានិភ័យ ការចម្លង និងរោគសញ្ញា។ មគ្គុទ្ទេសក៍ទេសចរណ៍គួរតែផ្ដល់ម៉ាស់ការពារ ទឹកអាល់កុល និងណែនាំពីការថែទាំសុខភាព។ ប្រសិនបើទេសចរមានជំងឺ មគ្គុទ្ទេសក៍ទេសចរណ៍គួរតែណែនាំទេសចរទៅរកមន្ទីរពេទ្យនៅក្នុងតំបន់នោះជាបន្ទាន់ និងប្រាប់ពីប្រវត្តិធ្វើដំណើរទៅដល់អ្នកផ្ដល់សេវាថែទាំសុខភាព ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាល។
៤- បន្ថែមការយកចិត្តទុកដាក់ និងការយល់ដឹងអំពីភាពស្អាត ឬអនាម័យនៃរថយន្តក្រុង និងយានយន្តណាដែលបានប្រើសម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនទេសចរ គឺជាការចាំបាច់សម្រាប់ក្រុមហ៊ុន/បុគ្គលិកដែលទទួលខុសត្រូវ ក្នុងការសម្អាត និងកម្ចាត់មេរោគ។ គួរតែផ្ដោតសំខាន់ជាពិសេសទៅលើផ្នែកដែលអ្នកធ្វើដំណើរប្រើប្រាស់ និងប៉ះពាល់ញឹកញាប់ ដូចជាកន្លែងអង្គុយ កម្រាលកៅអីរថយន្ត ភ្នាក់ដៃ វាំងនន ភួយ កញ្ចក់/បង្អួច ក៏ដូចជាប្រព័ន្ធម៉ាស៊ីនត្រជាក់ និងបន្ទប់ទឹកនៅលើរថយន្តក្រុង (ប្រសិនបើអាចធ្វើទៅបាន) ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងមេរោគ និងការរីករាលដាលនៃជំងឺ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: