សុខភាព

អ្នកជំនាញ៖ ការវាស់កម្ដៅនៅព្រលានយន្តហោះអាចនឹងរកមិនឃើញ COVID-19​

BY
Khmernote Media
February 20, 2020

ក្រោយពីមានការផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មី COVID-19 កាលពីខែធ្នូកន្លងទៅនេះ នៅគ្រប់អាកាសយានដ្ឋាន គឺមានការវាស់សីតុណ្ហភាពរបស់អ្នកដំណើររកមើលអ្នកឆ្លងវីរុស COVID-19ដើម្បីកាត់បន្ថយការឆ្លងនៃវីរុសនេះ។

នៅសហរដ្ឋអាមេរិក អាកាសយានដ្ឋាន ១១កន្លែងបានប្រើប្រាស់វិធី​ស្កែនវាស់សីតុណ្ហភាពអ្នកដំណើរ​ដើម្បី​ស្វែង​រកអ្នកផ្ទុកវីរុសនេះ។ តាមការស៊ើបអង្កេតរបស់សារព័ត៌មានCNN វិធីនេះ​ត្រូវបានប្រើលើអ្នកដំណើរជាង ៣ម៉ឺននាក់ហើយ ប៉ុន្តែមិនមានករណី​ណាមួយដែលចាប់បានដោយវិធីនេះទេ។ តាមបទ​ពិសោធន៍​នៃការប្រើ​ប្រាស់វិធីនេះនៅអាកាសយានដ្ឋាន អាមេរិករួមទាំងការសិក្សាថ្មីរបស់អឺរ៉ុប និងការសិក្សារបស់អ្នកស្រាវជ្រាវអង់គ្លេសបានបង្ហាញថា វិធានការណ៍ស្កែនសីតុណ្ហភាព​នេះមិនមាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ក្នុងរកអ្នក​ឆ្លង​វីរុសកូរ៉ូណាថ្មី​នេះទេ។

វេជ្ជបណ្ឌិត Itamar Grotto អគ្គនាយករងនៃក្រសួងសុខាភិបាលប្រទេសអ៊ីស្រាអែលបាននិយាយថា អ្នកដែលមានសីតុណ្ហភាពធម្មតាគឺជាបញ្ហាដែលធ្វើឲ្យមានការសនិ្នដ្ឋានខុស ព្រោះអ្នកដំណើរទាំងនោះ​អាចមានផ្ទុកវីរុសនេះប៉ុន្តែមិនមានរោគសញ្ញានៅក្នុង​រយៈបេល​វីរុសម្ងំ (Incubation period)។ លោក​បញ្ជាក់ដែរថា​នៅប្រទេសអ៊ីស្រាអែល​មិន​បាន​ប្រើវិធី​វាស់កម្ដៅ​អ្នក​​ដំណើរនៅ​អាកាសយានដ្ឋាន​នោះទេ ដោយថា​កន្លង​មកទាក់ទងនឹង​ជំងឺEbola H1N1 និង​ជំងឺSARS វិធីវាស់កម្ដៅនេះមិនមានប្រសិទ្ធភាពនោះទេ។

វេជ្ជបណ្ឌិត Michael Osterholm ជាអ្នកជំនាញជំងឺរាតត្បាត និងសាស្ត្រាចារ្យនៅសាកលវិទ្យា​ល័យ​សុខភាពសាធារណៈ Minnesota ក៏បានឲ្យដឹងដែរ​ថា ការវាស់សីតុណ្ហភាពអ្នកដំណើរនៅអាកាសយានដ្ឋាន គឺមិនមានឥទ្ធិពលខ្លាំងក្នុងការបញ្ឈប់ ឬកាត់បន្ថយការឆ្លងទេ គ្រាន់តែថានៅពេលនេះនៅមិនទាន់មាន​ទិន្នន័យគ្រប់​គ្រាន់​ក្នុងការគាំទ្រការសន្និដ្ឋាននេះ។

មូលហេតុមួយទៀតដែលធ្វើឲ្យការវាស់សីតុណ្ហភាពមិនមានប្រសិទ្ធភាពគឺមកពីធម្មជាតិរបស់មនុស្ស។ នៅពេលអ្នកដំណើរធ្វើដំណើរយូរនៅលើយន្តហោះ អ្នកដំណើរអាចមានអាការៈមិនស្រួលដូចជាអស់កម្លាំងល្ហិតលហៃ ឈឺខ្លួន ដែលធ្វើឲ្យអ្នកដំណើរខ្លះ​ប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់។ ថ្នាំប្រភេទនេះក៏អាចប្រើសម្រាប់ព្យាបាលអាការៈក្តៅខ្លួនដែរ​។

វីធីដែលមានប្រសិទ្ធភាពក្នុងការចាប់ករណីឆ្លងនៅអាមេរិកគឺកាតព័ត៌មានដែលគេបានចែកឲ្យអ្នកដំណើរ។ កាតនេះមានឈ្មោះTravel Health Alert Notice ដែលណែនាំឲ្យប្រុងប្រយ័ត្ន និងត្រួតពិនិត្យនូវរោគសញ្ញារបស់វីរុសកូរ៉ូណាថ្មី COVID-19 ដោយខ្លួនឯង។ ប្រសិនជាប៉ុន្មានថ្ងៃ​ក្រោយ​អ្នកដំណើរ​មានអាការៈ​ក្តៅខ្លួន ក្អក​ ឬ​ពិបាក​ដកដង្ហើមកើតឡើង ត្រូវទាក់ទង​ទៅមណ្ឌល​សុខ​ភាព។

វេជ្ជបណ្ឌិត Osterholm បានបន្ថែមទៀតថា មានវិធានការណ៍ដូចជាផ្តល់ព័ត៌មានដល់អ្នកដំណើរ វេជ្ជបណ្ឌិត និងមន្ទីរពេទ្យអំពីវីរុសកូរ៉ូណាថ្មី COVID-19 អាចជួយទប់ស្កាត់ការឆ្លងនៃវីរុសនេះបានប្រសើរជាងការវាស់សីតុណ្ហភាព​អ្នកដំណើរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: