ធ្លាប់ឆ្ងល់អត់ ហេតុអីប្រុសៗឃើញស្រីស្អាត ចេះតែតាមសម្លឹង?
- February 26, 2020
ដឹងស្ទើរតែគ្រប់គ្នាហើយថា រឿងខូចខិល ប្រាកដជាគិតសំដៅលើមនុស្សប្រុស ពិសេសនោះគឺរឿងស្រីស្អាត។ បើទោះជាសុភាពបុរសយ៉ាងណាក៏ដោយ ឱ្យតែឃើញស្រីស្អាត ហោចណាស់ក៏លួចដៀងភ្នែកមើលបានបន្តិចដែរ។ ហេតុអ្វីបានជាដូចនេះ? ហេតុអ្វីមនុស្សប្រុសចាប់អារម្មណ៍លើស្រីស្អាតៗ?
១. ភាពប្លែកគ្នា (ភេទ)
ភាពប្លែកគ្នាជាចំណុចមួយសំខាន់បំផុតនៃភាពទាក់ទាញ ដោយភាសាបច្ចេកទេសគេហៅថា ច្បាប់ទំនាញ ពោលគឺ ភាពខុសប្លែកគ្នាកាន់តែខ្លាំង (ភេទប្រុស និងស្រី ដាច់ស្រឡះពីគ្នាខ្លាំង) នោះធ្វើឱ្យអារម្មណ៍ទាក់ទាញកាន់តែខិតចូលខ្លាំងដែរ។ ភាពខុសប្លែកគ្នានោះ គឺសំដៅទៅលើលក្ខណៈភេទ ឧទាហរណ៍ មនុស្សស្រីមានសក់វែង មានសាច់ដើមទ្រូងក្លំ ជើងសស្រឡូន សំឡេងស្រួយ ដែលភាពផ្ទុយភេទនេះគឺជាទីចំណាប់អារម្មណ៍របស់ប្រុសៗ។ ទំនាញនេះ ក៏ដូចគ្នាដែរ ទៅលើមនុស្សស្រី ឧទាហរណ៍ បើមនុស្សប្រុស មានរាងសង្ហា កាយវិការម៉ឺងម៉ាត់សមជាបុរសនោះ ទោះមិនមែនជាដៃគូ ក៏ទាក់ទាញចំណាប់អារម្មណ៍មនុស្សស្រីដែរ។
២. រូបរាងកាយ
រូបរាងកាយ រឹតជាចំណុចសំខាន់នៃភាពទាក់ទាញ។ ផ្អែកតាមការសិក្សាវិទ្យាសាស្រ្តបានលើកបង្ហាញថា មនុស្សប្រុសភាគច្រើនបំផុត ត្រូវបានទាក់ទាញចំណាប់អារម្មណ៍លើរូបរាងកាយមនុស្សស្រី។ កាលណារូបរាងមនុស្សស្រីស្លីមស្អាត នៅក្នុងគោលគំនិតរបស់ពួកគេ គឺនារីនោះមានសុខភាព និងទម្លាប់ល្អក្នុងការរស់នៅ ហើយចំណុចរឹតតែពិសេសនោះ គឺភាពសិចស៊ីផ្នែកចង្កេះ ត្រគាក និងដើមទ្រូង ជាភាពទាក់ទាញដែលមនុស្សប្រុសជាច្រើនប្រាថ្នាចង់បាន។
៣. ភាពស្រស់ស្រាយ
ចំណុចសំខាន់មួយផ្នែកទៀតដែលមិនអាចខ្វះបាន និងទាក់ទាញមនុស្សប្រុសខ្លាំងនោះគឺ ភាពស្រស់ស្រាយ។ ការសិក្សាវិទ្យាសាស្រ្តក៏បានបង្ហាញដែរថា មនុស្សស្រីដែលមានភាពវៃឆ្លាត ងក់ងរ ចូលចិត្តចំអន់ញ៉េះញ៉ោះលេងសើច បង្កឱ្យមានបរិយាកាសរីករាយ ស្រស់ស្រាយ ជាចំណុចទាក់ទាញមួយដែលឆក់ឱ្យបេះដូងមនុស្សប្រុសទន់ជ្រាយបាន។
ដោយឡែកសម្រាប់នារីៗវិញ ចំណុចដែលមនុស្សប្រុសមាន ហើយទទួលបានចំណាប់អារម្មណ៍ខ្លាំងគឺមានប្រហាក់ប្រហែល ដូចជាភាពវៃឆ្លាត ការយល់អារម្មណ៍ប្រែប្រួលលឿនតាមធម្មជាតិរបស់នាង ភាពលេចធ្លោ រូបរាងស្អាត ជាដើម។ ទោះជាយ៉ាងណា ផ្អែកតាមការសិក្សាជាលក្ខណៈវិទ្យាសាស្រ្ត ចំណុចទាំងនេះ ជាការទាក់ទាញចំណាប់អារម្មណ៍ក្នុងរយៈពេលខ្លី ឬដំបូងៗតែប៉ុណ្ណោះ ដែលមានន័យថា សម្រាប់ចំណាប់អារម្មណ៍ក្នុងការជ្រើសយកបុគ្គល បុរស ឬស្រ្តីណាម្នាក់នោះជាដៃគូជីវិត (រយៈពេលវែង) គឺអាស្រ័យលើលក្ខខណ្ឌ ចំណូលចិត្ត និងអារម្មណ៍ប្លែកផ្សេងៗទៀតរបស់បុគ្គលដែលជាអ្នកជ្រើសរើស៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: