សុខភាព

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​​កូរ៉េ​ខាងត្បូង ថា គ្មានជនជាតិខ្មែរឆ្លង COVID-19 ឡើយ

BY
Khmernote Media
February 27, 2020

មុន​នេះ​បន្តិច​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ធ្វើ​ការ Live សម្ភាសន៍ផ្ទាល់​ជាមួយ​ឯកឧត្ដម ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង ដោយបាន​អះអាង​ថា ប្រទេស​កូរ៉េ​ខាងត្បូង​មាន​ជន​បរទេស​តែ ២ នាក់​គត់​ឆ្លង​ជំងឺ COVID-19 នេះ។ ដោយក្នុង​នោះ​គ្មាន​ឡើយ​ជនជាតិ​ខ្មែរ​ ហើយ​ជន​បរទេស​ដែល​កើត COVID-19 នេះ​គឺ​មាន​ទាហាន​ជនជាតិ​អាមេរិក​ម្នាក់ និង​ស្ត្រី​ជនជាតិ​ម៉ុងហ្គោលី​ម្នាក់​វ័យ​ជាង ៦០ ឆ្នាំ​ដែល​ទៅ​ព្យាបាល​ជំងឺ​ក្រិន​ថ្លើម​នៅ​ទី​នោះ ហើយ​ក្រៅពី​នោះ​សុទ្ធ​សឹង​តែ​ជា​ជនជាតិ​កូរ៉េ។

ឯកឧត្ដម​បាន​បន្ត​ទៀត​ថា ដើម្បី​ទប់ស្កាត់​ជំងឺ COVID-19 ខាង​ស្ថានទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាង​ត្បូង​បាន​ចេញ​វិធាន​ការ​មួយ​ចំនួន ដើម្បី​ឲ្យ​សាច់ញាតិ​បងប្អូន​ជនជាតិ​ខ្មែរ​នៅ​កូរ៉េ​មាន​ភាព​កក់ក្ដៅ​ដូចជា៖

+ ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ឲ្យ​ដឹង​ពី COVID-19
+ បញ្ហា​ពី​លេខ​ទូរស័ព្ទ​ទាក់ទង ១៣៣៩ សម្រាប់​ករណី COVID-19
+ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ការ​សង្ស័យ​ណា​មួយ​ សូម​ទាក់ទងទៅ​កាន់​បណ្ដាញ​សង្គម​ហ្វេសប៊ុក និងលេខ​ទូរស័ព្ទ
+ បង្កើត​បណ្ដាញ​សង្គមគ្រុប messenger, kakaotalk ដែលមាន​សមាគម​ជាង ៣០ នៅ​កូរ៉េ​ដើម្បី​ទំនាក់ទំនង​គ្នា
+ ទំនាក់​ទំនង​ទៅ​កាន់​សហគមន៍​ខ្មែរ​នៅ​តំបន់ Daegu ដែលកំពុងផ្ទុះ COVID-19 ដើម្បីដឹងពីស្ថានភាព
+ ភ្ជាប់ទំនាក់ទំនងជាមួយលោក​គ្រូ​អ្នក​គ្រូ​នៅ​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​ដែល​មាន​ជនជាតិ​ខ្មែរ​ធ្វើ​ការ ដើម្បី​​ឆ្លើយឆ្លងដឹងពី​សុខទុក្ខ​គ្នា
+ ពន្យល់ និង​ណែនាំ​កុំឲ្យ​ប្រជាជន​មាន​ភាព​ភ័យខ្លាចខ្លាំង​ពេក ហើយងាក​មក​ទប់ស្កាត់​វិញ
+ ទាក់ទង​និស្សិត​ខ្មែរ​នៅ Daegu ដើម្បី​ដឹង​ពី​សុខទុក្ខ
+ ណែនាំ​ពលរដ្ឋ​ខ្មែរ​ឲ្យ​ស្វែងរក​ប្រភពព័ត៌មានសិន មុនជឿ​លើអ្វី​មួយ

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​បញ្ចេញ​របាយការណ៍​ទាក់ទិន​នឹង​ចំនួន​ជនជាតិ​ខ្មែរ​ដែល​មក​រស់នៅ​ជាង ៦ម៉ឺននាក់ ក្នុង​នោះ​មាន​ពលករ​ជាង ៤៦០០០ នាក់ អ្នក​រៀបការ​ជាមួយ​ជនជាតិ​កូរ៉េ​ជាង ៨០០០ នាក់ និង​និស្សិត​ជាង ៤០០ នាក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ helloគ្រូពេទ្យ

Share This Post: