បច្ចេកវិទ្យា

ក្រុមហ៊ុន Google នឹងផលិតទូរស័ព្ទ Pixel 4a និង Pixel 5 នៅក្នុងប្រទេសវៀតណាម

BY
autoadmin
February 28, 2020

របាយការណ៍ថ្មីបានបញ្ជាក់ថា ទាំងម៉ូដែល Pixel 4a និង Pixel 5 នឹងត្រូវផលិតនៅប្រទេសវៀតណាម ហើយម៉ូដែលតម្លៃទាបជាងគេនឹងចាប់ផ្តើមផលិតនៅខែមេសា។ សារព័ត៌មាន Nikkei Asian Review បានដកស្រង់ប្រភពពីរ ដែលបានដឹងពីផែនការរបស់ហ្គូហ្គោល (Google) បានឱ្យដឹងថា Pixel 4a និង Pixel 5 នឹងត្រូវផលិតនៅប្រទេសវៀតណាមជំនួសឱ្យប្រទេសចិន។ វាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ កាលពីឆ្នាំមុន Google បានធ្វើការជាមួយដៃគូដើម្បីប្តូររោងចក្រទៅប្រទេសវៀតណាមសម្រាប់ផលិតកម្ម Pixel ។

ទាំងនេះមិនមែនព្រោះតែវីរុស COVID-19 នោះទេ ការពិតទៅវាជាលទ្ធផលនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ប៉ុន្តែក៏ដោយសារមានការភ័យខ្លាចពីផលប៉ះពាល់នៅពេលខាងមុខដោយសារ COVID-19 ផងដែរ។ ជាក់ស្តែងវីរុសបានជំរុញឱ្យក្រុមហ៊ុន Google ស្នើសុំឱ្យអ្នកផ្គត់ផ្គង់របស់ខ្លួនវាយតម្លៃថា តើវាអាចទៅរួច និងថ្លៃប៉ុន្មាន? សម្រាប់ការផ្លាស់ប្តូរឧបករណ៍ផលិតមួយចំនួនពីប្រទេសចិនទៅប្រទេសវៀតណាម។ របាយការណ៍ Nikkei បានលើកឡើងថា ក្រុមហ៊ុន Google គ្រោងនឹងចាប់ផ្តើមផលិតស្មាតហ្វូន Pixel 4a របស់ខ្លួននៅក្នុងខែមេសា ពោលគឺនៅសល់តែជាងមួយខែទៀតប៉ុណ្ណោះចាប់ពីពេលនេះតទៅ។

ការកំណត់ពេលវេលានោះក៏សមហេតុផលផងដែរ ខណៈ Google បានកំណត់កាលបរិច្ឆេទវត្តមាននៃម៉ូដែល 4a នៅឯសន្និសិទ Google I/O ឆ្នាំនេះនៅពាក់កណ្តាលខែឧសភា។ នៅចុងឆ្នាំនេះ Google ក៏គ្រោងនឹង Pixel 5 របស់ខ្លួនពីទីតាំងនៅប្រទេសវៀតណាមតែមួយនេះដែរ ទោះបីជាពេលវេលាមិនត្រូវបានបញ្ជាក់នៅក្នុងរបាយការណ៍ក៏ដោយ។ ប្រសិនបើ Google ធ្វើតាមការកំណត់ពេលវេលាធម្មតារបស់ពួកគេ យើងអាចរំពឹងថា Pixel 5 នឹងបង្ហាញខ្លួននៅពេលណាមួយក្នុងខែតុលា៕

អត្ថបទ៖ លីដា

Share This Post: