រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា ការផឹកស្រាមិនអាចការពារខ្លួនពី COVID-19 បានទេ
មួយរយៈនេះក្រោយពី COVID-19 ផ្ទុះឡើងខ្លាំង ពាក្យចចាមអារ៉ាមទាក់ទិននឹងជំងឺ ពិសេសវិធីការពារដោយគ្មានប្រភពច្បាស់ការ ឬអ្នកជំនាញណាម្នាក់អះអាង ក៏កាន់តែមានជាច្រើនក្នុងបណ្ដាញសង្គម។ មួយក្នុងចំណោមនោះ បានលើកឡើងថា អ្នកផឹកស្រា អាចការពារខ្លួនពី COVID-19 បាន។
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរួមគ្នារវាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងក្រសួងសុខាភិបាល ស្តីពីជំងឺ COVID-19 ដល់អ្នកសារព័ត៌មាន លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលថា ការលើកឡើងបែបនោះមិនមែនជារឿងត្រឹមត្រូវឡើយ។ ការលើកឡើងបែបនេះ ព្រោះមានការភាន់ច្រឡំថា អាល់កុលអាចជួយការពារពីCOVID-19 ដោយយើងយកវាទៅលាងសម្អាតដៃប៉ុណ្ណោះ តែអ្នកនិយាយអាចមិនអស់សេចក្ដី ឬពន្យល់មិនច្បាស់ ទើបអ្នកយកទៅផ្សាយបន្តបែរជាថាអ្នកផឹកស្រាមានជាតិអាកុលនឹងអាចការពារខ្លួនបាន ដោយពេលមានជាតិអាល់កុលក្នុងខ្លួន ហើយ COVID-19 ចូលទៅ អាចសម្លាប់បាន។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបន្ថែមទៀតផងដែរថា អ្នកផឹកស្រាមិនត្រឹមតែមិនអាចការពារបាននោះទេ ថែមទាំងមានគ្រោះថ្នាក់ចំពោះសុខភាពកាន់តែខ្លាំង។
អាល់កុលដែលគេនិយាយ គឺយកមកសម្អាតដៃនោះទេ ព្រោះការណែនាំអនាម័យ គឺតម្រូវឲ្យយើងគ្រប់គ្នាលាងសម្អាតដៃជាមួយសាប៊ូ ជេល ឬទឹកអាល់កុល ដើម្បីសម្លាប់មេរោគ ក្រោយពេលយើងក្អក កណ្ដាស់ និងចាប់កាន់ ប៉ះរបស់ផ្សេងៗនៅតាមទីសាធារណៈ។
ដូចនេះសូមកុំយល់ច្រឡំថា ការផឹកស្រាអាចជួយការពារ COVID-19 បានឲ្យសោះ។ ដើម្បីការពារខ្លួនពី COVID-19 នេះ យើងត្រូវប្រកាន់ខ្ជាប់អនាម័យដោយឧស្សាហ៍លាងសម្អាតដៃ ពាក់ម៉ាស់ និងនៅឲ្យឆ្ងាយពីនរណាដែលក្អក កណ្ដាស់ ហៀរសំបោរ យ៉ាងហោចណាស់ ១ ម៉ែត្រ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ