បច្ចេកវិទ្យា

Apple នឹងត្រូវសងប្រាក់ ៥០០លានដុល្លារ ដោយសារធ្វើឲ្យ iPhone ស៊េរីចាស់ៗដើរយឺតខុសធម្មតា

BY
autoadmin
March 4, 2020

អាមេរិក៖ ក្រុមហ៊ុនផលិតទូរស័ព្ទខ្នាតយក្សរបស់អាមេរិក គឺក្រុមហ៊ុន Apple គ្រោងនឹងចាយលុយប្រមាណជាកន្លះពាន់លានដុល្លារ ដើម្បីដោះស្រាយពាក្យបណ្ដឹងពីសំណាក់ក្រុមអតិថិជនមួយចំនួន ដែលមានបញ្ហាទូរស័ព្ទ iPhone ដើរយឺតខុសប្រក្រតី។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន CNN បានឲ្យដឹងថា មានអតិថិជនអាមេរិក ដែលរស់នៅក្នុងរដ្ឋ California សហរដ្ឋអាមេរិកជាច្រើននាក់ មានបញ្ហារួមគ្នាមួយគឺទូរស័ព្ទ iPhone របស់ពួកគេស្រាប់តែដើរយឺតខុសប្រក្រតី ហើយពួកគេក៏បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ដើម្បីទាមទាសំណងពីក្រុមហ៊ុន iPhone មកវិញ។

ឆ្លើយតបនឹងរឿងក្តីមួយនេះ ខាងក្រុមហ៊ុន Apple បានសារភាពថា​​ កាលពីអំឡុងខែ ធ្នូ ឆ្នាំ ២០១៧ កន្លងទៅនេះ ខាងក្រុមហ៊ុនពិតជាមានបញ្ហា Software មែន ដែលធ្វើឲ្យទូរស័ព្ទមួយចំនួនត្រូវដើរយឺតខុសប្រក្រតី ក្រោយធ្វើការ Update Software។ ក្រុមហ៊ុនបានបន្តថា​ ទូរស័ព្ទដែលមានបញ្ហាទាំងនោះអាចជាទូរស័ព្ទម៉ូដែល iPhone 6, 6 Plus, 6S, 6S Plus, 7, 7 Plus និង SE Device។ ក្រុមហ៊ុន Apple បន្តថា ការទូទាត់ប្រាក់សំណងនេះអាចធ្វើឡើងតាមរយៈរូបភាព អនុញ្ញាតឲ្យអតិជិជនយកទូរស័ព្ទចាស់មកប្តូរយកទូរស័ព្ទស៊េរីថ្មី តែមិនមែនជាការផ្តល់ជូនលុយសុទ្ធទៅកាន់អតិថិជនឡើយ។ ​យ៉ាងណាក្តី តាមការប៉ាន់ស្មាន ក្រុមហ៊ុន Apple នឹងត្រូវខាតបង់លុយចន្លោះពី ៣១០ លាន ទៅ ៥០០ លានដុល្លារអាម៉េរិក ក្នុងការដោះស្រាយក្តីមួយនេះ៕

អត្ថបទ៖ ភក្តី

Share This Post: