យ៉ាងហោចណាស់មន្ត្រីជាន់ខ្ពស់របស់ប្រទេសពីរ ក្រៅពីចិនឆ្លងវីរុស COVID-19
មន្ត្រី និងសមាជិកសភានៅប្រទេសមួយចំនួនបានឆ្លង និងស្លាប់ដោយសារវីរុស COVID-19 ដែលបានផ្ទុះឡើងកាលពីខែធ្នូ នៅប្រទេសចិន ហើយបានរាតត្បាតជាង៨០ប្រទេស ខណៈអ្នកឆ្លងសរុបជាង ៩៧ ០០០ករណី។
កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ លោក Iraj Harirchi អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសអ៊ីរ៉ង់ ក៏បានបង្ហោះសារប្រាប់ថា លោកឆ្លងវីរុស COVID-19 នេះ ក្រោយពីលោកបានចូលរួមសន្និសីទកាសែតដោយមានអាការៈគ្រុនក្តៅ។
ក្រោយមកទៀតនៅថ្ងៃទី៣ ខែមីនា កន្លងទៅនេះ លោក Pirhossein Kolivand ប្រធានផ្នែកសង្គ្រោះបន្ទាន់ប្រទេសអ៊ីរ៉ង់ បានឆ្លងវីរុស COVID-19 ដែលស្ថានភាពសុខភាពរបស់លោកនៅល្អ និងមិនមានអ្វីគួរឲ្យបារម្ភ។ លើសពីនេះទៀត លោក Abdul Reza Misri អ្នកនាំពាក្យសភាបានបញ្ជាក់ថាសមាជិកសភា ២៣នាក់បានឆ្លងជំងឺនេះ។ ក្រៅពីមន្ត្រីឆ្លងវីរុស ក៏មានដែរមន្ត្រីជាន់ខ្ពស់ពីរនាក់របស់អ៊ីរ៉ង់បានស្លាប់ដោយសារវីរុស COVID-19 ។
ក្រៅពីប្រទេសអ៊ីរ៉ង់ សមាជិកសភាប្រទេសបារាំងបីនាក់ក៏បានឆ្លងវីរុស COVID-19 នេះដែរ ក្នុងនោះសមាជិកសភាម្នាក់មានអាការៈធ្ងន់ធ្ងរ។
គិតមកដល់ពេលនេះ ប្រទេសអ៊ីរ៉ង់មានករណីឆ្លងជាង ៣ ៥០០ករណី និងអ្នកស្លាប់១០៨នាក់ និងនៅប្រទេសបារាំង ករណីអ្នកឆ្លងមាន ៣៧៧ករណី និងអ្នកស្លាប់មាន ៧នាក់។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ