អ្នកស្ម័គ្រចិត្តសាកវ៉ាក់សាំងការពារ COVID-19 ប្រាប់ពីអាការៈបានជួបប្រទះ
- March 23, 2020
អ្នករស់នៅទីក្រុង អ៊ូហាន ប្រមាណ១០៨នាក់ បានស្ម័គ្រចិត្ត ចូលរួមក្នុងការពិសោធចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស COVID-19។ ការចាក់វ៉ាក់សាំង ពិសោធនេះ បានធ្វើឡើង នៅបីថ្ងៃក្រោយ ពេលដែលក្រុមហ៊ុនឱសថ Cansino Biologics របស់ចិន សហការរួមគ្នាជាមួយក្រុមយោធាចិន ព្រមទាំងបានភ្លើងខៀវពីរដ្ឋបាលក្រុងប៉េកាំងផងដែរ។ ជាមួយគ្នានោះ ក៏មានអ្នកស្ម័គ្រចិត្ត ដែលបានចូលរួមសាកល្បង ឆ្លងកាត់នីតិវីធីខាងលើ បានរៀបរាប់ពីបទពិសោធដែលបានជួបផងដែរ។
បើតាមសារព័ត៌មានចិន South China Morning Post បានឱ្យដឹងថា អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំង ភាគច្រើនបានជួបបញ្ហា រាករូស សីតុណ្ហភាពខ្លួនឡើងក្តៅ និងមានបញ្ហាថប់អារម្មណ៍តិចតួច។ តែយ៉ាងណា ពួកគេនិយាយថា ពួកគេពេញចិត្ត សម្រាប់ការពិសោធលើកដំបូងនេះ ព្រោះពួកគេ ធ្វើឡើងជាចំណែកមួយ សម្រាប់មនុស្សគ្រប់គ្នាផងដែរ។
បើតាមនារីម្នាក់ ឈ្មោះ Xiao Mi ជាអ្នកស្ម័គ្រចិត្ត បាននិយាយថា៖ “មានមនុស្ស ពីរនាក់ក្នុងក្រុមរបស់យើង បានឡើងកម្តៅខ្លួនរហូតដល់ ៣៨អង្សារ….ហើយក៏មានអ្នកខ្លះទៀតរាកផងដែរ”។ នារីចិនរូបនេះ ក៏បានបន្ថែមថា៖ “ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចទ្រាំទ្រនឹងបញ្ហាខាងលើនេះបាន ហើយខ្ញុំក៏ចង់បង្ហាញពីតម្លៃរបស់មនុស្សម្នាក់ៗ ដែលអាចចូលរួមដើម្បីសង្គមជាតិ”។
បើតាមប្រភពសារព័ត៌មានដដែលបានឱ្យដឹងថា នីតិវិធីស្ម័គ្រខាងលើ ត្រូវធ្វើឡើងដោយការស្ម័គ្រចិត្តចុះឈ្មោះ ហើយក្រុមអ្នកស័្មគ្រចិត្តទាំងអស់ ក្រោយពីចាក់វ៉ាក់សាំងរួច ត្រូវបានដាក់ ចត្តាឡីស័ក(ដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីបង្ការ ឬការពារកុំឱ្យឆ្លងទៅអ្នកដែលមិនមានជំងឺ) ចំនួន១៤ថ្ងៃ នឹងស្ថិតក្នុងការតាមដានជាប់រហូតដល់ថ្ងៃដែលដឹងពីប្រសិទ្ធិភាព។
សម្រាប់ក្រុមអ្នកស្ម័គ្រចិត្តសរុប១០៨នាក់ ខាងលើ ដែលមានអាយុចាប់ពី១៨ ដល់៦០ឆ្នាំ ត្រូវបានចែកជា៣ក្រុម ដែល១ក្រុមមាន ៣៦នាក់ ហើយក្រុមនីមួយៗ បានទទួលវ៉ាក់សាំង ក្នុងបរិមាណខុសៗគ្នា ដោយមានតិច មធ្យម និងច្រើន។
ចំពោះនីតិវិធីសាកល្បងវ៉ាក់សាំងខាងលើ បើតាមលោក Roy Hall ជាសាស្រ្តាចារ្យផ្នែកសិក្សា ពីជំងឺដែលបង្កដោយវីរុស នៃសាកលវិទ្យាល័យ Queensland បានឱ្យដឹងថា ទោះបីវ៉ាក់សាំងខាងលើ បានធ្វើឡើងលឿនក៏ដោយ ប៉ុន្តែសម្រាប់ការផលិតទ្រង់ទ្រាយធំ ដើម្បីតម្រូវការមនុស្សទូទៅ គឺនឹងត្រូវការពេលវេលាច្រើន។ លោកបន្ថែមថា វាអាចនឹងត្រូវការពេលចាប់ពី ៦ ដល់៩ខែ ដើម្បីតេស្តដឹងពីវ៉ាក់សាំង ពោលគឺត្រូវចំណាយពេលជិត១ឆ្នាំ រាប់ចាប់តាំងពីការរកឃើញប្រភពដើម ដែលបង្កជំងឺ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: