សុខភាព

កុំជឿផ្តេសផ្តាស់! ដុសធ្មេញនឹងអំបិល៣ដងក្នុង១ថ្ងៃ រួចផឹកទឹកតាមក្រោយ មិនអាចសម្លាប់កូវីដ១៩បានឡើយ

BY
Khmernote Media
March 24, 2020

កាលពី​យប់មិញ​មាន​ការ​បែក​ធ្លាយ​សំឡេង​ឆាត និង​មាន​ការ​បញ្ជូន​ត​ៗ​គ្នា​ជាច្រើន​ថា ក្រុមគ្រូពេទ្យ​ចិន​ដែល​ទើប​មក​ដល់​កម្ពុជា បាន​តម្រូវឲ្យ «​ដុសធ្មេញ​នឹង​អំបិល​៣ដង/ថ្ងៃ រួច​ផឹក​ទឹក​តាម​ក្រោយ​អាច​សម្លាប់ COVID-19បាន»។ តើ​ការ​លើក​ឡើង​ដូចនេះ​ត្រឹមត្រូវ​ដែរឬ​ទេ?

វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង បាន​ប្រាប់ Helloគ្រូពេទ្យ ថា​នោះ​ជា​ពាក្យ​ចចាមអារ៉ាម​តែ​ប៉ុណ្ណោះ គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ឡើយ ហើយ​លោក​វេជ្ជបណ្ឌិតបាន​ណែនាំ​ឲ្យ​ប្រជាជន​យើង​ជឿ​លើ​សេចក្ដី​ប្រកាស​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) និង​ក្រសួង​សុខាភិបាល​ប៉ុណ្ណោះ។

ការ​លើក​ឡើង​គ្មាន​ប្រភព​ច្បាស់លាស់ នាំឲ្យ​មាន​ការ​ចលាចល និង​ធ្វើឲ្យ​អ្នក​ឆ្លៀតឱកាស​មួយ​ចំនួន​គេង​ចំណេញ​ក្នុង​ពេល​ជ្រួលច្របល់។ ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ​សំណូមពរ​​ឲ្យ​អ្នក​តាមដាន​ព័ត៌មាន​ទាំងអស់​មើល​សេចក្ដី​ប្រកាស​តាម​ផេក​ក្រសួង​សុខាភិបាល និង​អ្នក​មាន​ចំណេះដឹង​ផ្នែក​ភាសា​តាមដាន​ការ​ផ្សាយ​របស់​អង្គការ​សុខភាព​ពិភពលោក ព្រោះ​ជា​អ្នក​ទទួល​ខុសត្រូវ​សុខភាព​ប្រជាជន។

ជាចុងក្រោយ​លោកវេជ្ជបណ្ឌិត​​បាន​បញ្ជាក់​ពី​ការ​ថែរក្សា​អនាម័យ​ខ្លួនប្រាណ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬជេល រស់នៅ​ស្អាត បរិភោគ​អាហារ​សម្បូរ​ជីវជាតិ ហាត់ប្រាណ​ទៀងទាត់ ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ដំណើរ​ការ​ល្អ​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: