សុខភាព

រឿងវេជ្ជបណ្ឌិតចិនថាញ៉ាំខ្ញី ផឹកទឹកក្ដៅ សម្លាប់កូវីដ១៩បាន ជាពាក្យចចាមអារ៉ាម

BY
Khmernote Media
March 25, 2020

កន្លង​មក​មាន​អត្ថបទ​ចុះផ្សាយ​ដែល​បាន​បញ្ជាក់​ថា​បាន​ដកស្រង់​ចេញ​ពី​សម្ដី​របស់​វេជ្ជបណ្ឌិត​ចិន​ម្នាក់ ណែនាំ​ឲ្យ​យើង​បរិភោគ​ខ្ញី និង​ផឹក​ទឹក​ក្ដៅ​ឲ្យ​បាន​ច្រើន ព្រោះ​អាច​សម្លាប់​មេរោគ COVID-19 បាន។ បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង បាន​បកស្រាយ​ថា នោះ​គឺជា​ការ​លើក​ឡើង​មិន​ពិត គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​គ្មាន​ឈ្មោះអ្នកនិយាយ​ត្រឹមត្រូវ។ លោក​បញ្ជាក់​ទៀត​ថា មិន​មាន​ការ​សិក្សា​ណា​មួយ​ដែល​អាច​បញ្ជាក់​ថា​ គ្រាន់តែញ៉ាំខ្ញី ឬ​ទឹកក្ដៅ សម្លាប់​មេរោគ COVID-19 បាន​នោះ​ទេ។

ក្នុង​អត្ថបទ​ដែល​ដកស្រង់​បាន​ឲ្យ​ដឹង​ថា ដរាបណា​រាងកាយ​មនុស្ស​រក្សា​ថាមពល កម្ដៅ​បាន​ល្អ ដោយ​បរិភោគ​ខ្ញី ផឹក​ទឹក​ក្ដៅ វីរុស​មិន​អាច​ធន់​នឹង​កម្ដៅ វា​ស្លាប់​ក្នុង​សីតុណ្ហភាព ២៦-២៧ អង្សារសេ អ្នក​នោះ​នឹង​មិន​ឆ្លង​វីរុស​នោះ​បាន​ទេ ពោល​គឺ​វា​អាច​ការពារ​ការ​ឆ្លង​បាន។ ការ​លើកឡើង​ដូចនោះ​ត្រូវ​អ្នក​នាំ​ពាក្យ​ថា ជា​ពាក្យ​ចចាមអារ៉ាម ហើយ​ខាង​ក្រសួង​សុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក គ្មាន​ការ​ព្សព្វផ្សាយ​បែប​នោះ​ទេ។

លោក​បន្ត​ថា ការ​ផឹក​ទឹក​ក្ដៅ​ជា​ប្រចាំ​ពិត​ជា​បាន​ជួយ​ដល់​ផ្នែក​សុខភាព និង​សរីរាង្គ​ខាង​ក្នុង​ តែ​គ្មាន​ភស្តុតាង​ណា​មួយ​ថា វា​បាន​ជួយ​សម្លាប់​មេរោគ​ដូច​ការ​លើក​ឡើង​ខាង​លើ​ឡើយ។ ដូចនេះ​ទាំង​ពាក្យ​​រឿង ខ្ទឹម​ស ដុស​ធ្មេញ​ជាមួយ​អំបិល ឬ​អ្វី​ផ្សេង​ដែល​មិនមែន​ជា​សេចក្ដី​ប្រកាស​របស់​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​សុខភាព​ដូចជា​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល​គឺ​មិន​អាច​យក​ជា​ការ​បាន​ឡើយ។

ការ​រស់នៅ​ស្អាតមាន​អនាម័យ និង​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ ពិតជា​មាន​ប្រយោជន៍​ចំពោះ​សុខភាព តែ​កុំជឿ​ការ​ណែនាំ​ឲ្យ​ទទួល​ទាន​ ឬ​ថ្នាំ​ណា​ដែល​សម្លាប់ ឬព្យាបាល COVID-19 ឲ្យសោះ ព្រោះ​នោះ​ជា​រឿង​មិន​ពិត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: