ហួសចិត្ត ! ចោរដាច់យ៉ៃរត់ចូលក្នុងសាលាបឋម មកប្លន់គ្រូបង្រៀនស្រីម្នាក់ខណៈពេលកំពុងបង្រៀនតែម្តង
បរទេស ៖ ថ្នាក់រៀនជាកន្លែងមួយដែលមានសុវត្ថិភាពបំផុតរបស់ក្មេងក្នុងការរៀនសូត្រនិងលូតលាស់ តែវានឹងទៅជាយ៉ាងណាបើមានមានប្លន់សម្លាប់នៅទីនោះ។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយករណីដ៏រន្ធត់មួយ ដែលអ្នកគ្រូវ័យ៣០ឆ្នាំម្នាក់ត្រូវបានចោរចូលមកប្លន់ដល់ក្នុងថ្នាក់រៀន។ តាមរយៈសម្តីរបស់អ្នកគ្រូម្នាក់នោះបានអោយដឹងថា បុរសដែលមានពាក់មួកសុវត្ថិភាពពណ៌ក្រហម បានដើរចូលមកក្នុងថ្នាក់របស់គាត់ហើយ ធ្វើជាសួររកផ្លូវទៅរកថ្នាក់ដទៃទៀត។

បន្ទាប់ពីគាត់បានរៀបរ៉ាប់ប្រាប់គេក៏បានស្ទុះទៅឆក់យកកាបូបរបស់គាត់ដែលបានដាក់នៅលើតុបង្រៀននោះ។ គាត់បានចូលទៅទាញដណ្តើមយកមកវិញតែមិនបានសម្រេច ខណៈពេលដែលប្រទាញប្រទង់ជាមួយចោរនោះគាត់បានរងរបួសយ៉ាងធ្ងន់នៅលើផ្នែកជង្គង់របស់គាត់។ ប៉ូលិសមូលដ្ឋានបានសន្និដ្ឋានថា ជនល្មើសប្រហែលជាចូលតាមទ្វារក្រោយដែលមិនបានចាក់សោរ ហើយព្យាយាមចូលមកប្លន់ថ្នាក់ណាដែលជាជិតច្រកចេញនេះជាងគេ ដើម្បីងាយស្រួលមិនអោយសន្តិសុខសាលាប្រទះឃើញ។ តាមរបាយការណ៍របស់ប៉ូលិសក្រៅពីរងរបួសជនរងគ្រោះ បានបាត់បង់សម្ភារៈមួយចំនួនដែលជាប់នៅក្នុងកាបូបនោះដូចជា សោរផ្ទះ សោររថយន្ត ប័ណ្ណបើកបរ កាតATM ប្រាក់១០០រីងហ្គីត និងឯកសារសំខាន់មួយចំនួនទៀត៕
អត្ថបទ ៖ Mali
ប្រភព ៖ worldofbuzz