សុខភាព

ក្រោយមកដល់កម្ពជា តើក្រុមគ្រូពេទ្យចិនទាំង៧នាក់បានទៅណាខ្លះ? ហើយបំពេញការងារអ្វីខ្លះ?

BY
Khmernote Media
March 27, 2020

បន្ទាប់ពីមានការរាតត្បាតវីរុស COVID-19 ជាបន្តបន្ទាប់នៅកម្ពុជា ប្រទេសចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញចំនួន៧រូប និងសម្ភារៈវេជ្ជសាស្ត្រជាង៤តោនដល់កម្ពុជា ដើម្បីទប់ស្កាត់ការរីកដាលវីរុស COVID-19។ លោក​ជំទាវ ឱ វណ្ណ​ឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបាន​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ដែល​បាន​បញ្ជូន​មក​ពី​ប្រទេស​ចិន មក​ជួយ​ដល់​ក្រុម​គ្រូពេទ្យ​កម្ពុជា មាន​ជំនាញ​ផ្សេងៗ​គ្នា ​ដូច​ជា ជំនាញ​ខាង​មន្ទីរ​ពិសោធន៍ ផ្នែក​ពិនិត្យ​ព្យាបាល​ជំងឺ ផ្នែក​ត្រួត​ពិនិត្យ និង​បង្ការ​ការ​ចម្លង។

ថ្ងៃ​ដំបូង​ដែល​មក​ដល់​កម្ពុជា ក្រុម​គ្រូពេទ្យ​ចិន​បាន​ប្រជុំ​ពិភាក្សា​ជាមួយ​ថ្នាក់​ជាតិ ដើម្បី​សិក្សា​ស្វែងយល់​អំពី​ស្ថានភាព​ការ​ចម្លង​នៃ​វីរុស COVID-19 នៅ​ក្នុង​ប្រទេស​កម្ពុជា។ បន្ទាប់​មក ពួក​គាត់​បាន​ទៅ​ពិនិត្យ​ដល់​ទី​តាំង ដូច​ជា មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត មណ្ឌល​សុខភាព​ចាក់​អង្រែ ​បាន​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធន៍​ជាតិ និង​ចុះ​សិក្សា​តាម​សហគមន៍​ដើម្បី​ស្វែងយល់​ពី​របៀប​របប​ ក៏​ដូច​ជា​ស្ថានភាព​ផ្សេងៗ​ទៀត។​

លោក​ជំទាវ បាន​បន្ត​ឲ្យ​ដឹង​ថា នៅ​ព្រឹក​នេះថ្ងៃទី២៧ មីនានេះ ក្រុម​គ្រូពេទ្យចិន​បាន​ចេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ក្នុង​គោលបំណង​ជួប​ពិភាក្សា​ជាមួយ​អភិបាល​ខេត្ត ដើម្បី​ស្វែងយល់​ពី​សភាព​ការ​ណ៍ និង​វិធានការ​ផ្សេងៗ​ដែល​បាន​រៀប​ចំ​នៅ​ទីនោះ ក្នុង​ការ​ទប់​ស្កាត់​ករណី​ឆ្លង​វីរុស COVID-19។

លោក​ជំទាវ ឱ វណ្ណឌីន បាន​បន្ថែម​ថា នៅ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​ចិន​ត្រលប់​មក​ភ្នំពេញ​ ​នឹង​ពិភាក្សា​ជា​បន្ត​ថា តើគ្រូពេទ្យទាំង៧នាក់នោះ​នឹង​មាន​ផែនការ​យ៉ាង​ណា​ជា​បន្ត​បន្ទាប់ទៀត ដើម្បី​ឆ្លើយ​តប​នឹង​ការ​រាលដាល​វីរុស COVID-19 នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: