អង់គ្លេសសាកល្បងហ្វឹកហាត់សុនខ ជួយស្វែងរកអ្នកឆ្លងវីរុសកូវីដ១៩
- March 28, 2020
អង្គការសប្បុរសធម៌ប្រទេសអង់គ្លេសបានសហការជាមួយអ្នកវិទ្យាសាស្ត្រហ្វឹកហាត់សត្វសុនខដើម្បីមើលថាតើសុនខអាចជួយស្វែងរកអ្នកឆ្លងវីរុស COVID-19 តាមរយៈការហិតក្លិនបានដែរឬទេ។ Medical Detection Dogs នឹងសហការជាមួយ London School of Hygiene and Tropical Medicine (LSHTM) និងសាកលវិទ្យាល័យ Durham ដើម្បីមើលថាតើសត្វសុនខអាចជួយក្នុងការធ្វើរោគវិនិច្ឆ័យបានឬទេ។ ការស្រាវជ្រាវពីមុនមកពីសមត្ថភាពរបស់សុនខក្នុងការហិតដឹងពីជំងឺគ្រុនចាញ់ និងផ្អែកលើជំនឿថាជំងឺនីមួយៗបង្កក្លិនខុសៗគ្នា។
អង្គការសប្បុរសធម៌ក៏បានលើកឡើងថាខ្លួនបានចាប់ផ្ដើមរៀបចំធ្វើការហ្វឹកហាត់សុនខក្នុងរយៈពេល៦សប្តាហ៍ដើម្បីជួយពន្លឿនការធ្វើរោគវិនិច្ឆ័យលើអ្នកឆ្លងវីរុស COVID។ សត្វសុនខទាំងនេះត្រូវបានគេហ្វឹកហាត់ឲ្យចាប់ជំងឺមហារីក ជំងឺ Parkinson’s និងការឆ្លងរោគបង្កដោយបាក់តេរីតាមរយៈការហិតនូវសំណាកដែលយកពីអ្នកជំងឺ។ សត្វសុនខទាំងនេះក៏អាចដឹងពីការប្រែប្រួលសីតុណ្ហភាពស្បែកដែលនេះជាប្រយោជន៍ក្នុងការដឹងថាអ្នកណាមានអាការៈគ្រុនក្ដៅខ្លះ។
អង្គការដដែលនេះក៏បានបន្តទៀតថាឥលូវនេះខ្លួនកំពុងសិក្សាថាតើគួរធ្វើយ៉ាងណាដើម្បីយកក្លិនវីរុសពីអ្នកជំងឺដោយសុវត្ថិភាព និងយកទៅបង្ហាញដល់សត្វសុនខរបស់ខ្លួន។ គោលដៅគឺដើម្បីឲ្យសត្វសុនខទាំងនោះអាចពិនិត្យមនុស្សគ្រប់គ្នា រួមទាំងអ្នកឆ្លងដែលមិនមានរោគសញ្ញា និងអាចឲ្យក្រុមគ្រូពេទ្យដឹងថាតើមនុស្សដែលបានពិនិត្យនោះត្រូវធ្វើរោគវិនិច្ឆ័យឬអត់។ គេជឿថាវិធីនេះគឺលឿន និងមានប្រសិទ្ធភាពដើម្បីជួយសម្រាលដល់ការប្រើប្រាស់ឧបករណ៍តេស្ដដែលមានចំនួនកំណត់។
ប្រធានផ្នែកគ្រប់គ្រង់ជំងឺរបស់ LSHTM ក៏និយាយថាសត្វសុនខអាចចាប់ជំងឺគ្រុនចាញ់យ៉ាងមានប្រសិទ្ធភាព និងជំងឺផ្លូវដង្ហើមផ្សេងៗ ការផ្លាស់ប្តូរក្លិននៃរាងកាយ ដែលនេះគឺមានឱកាសខ្ពស់ដែលអាចជាវិធីមានប្រសិទ្ធភាពក្នុងការចាប់វីរុស COVID-19។
ម៉្យាងទៀត លោក Steve Lindsay មកពីសាកលវិទ្យាល័យ Durham ក៏បានបន្ថែមទៀតថាសត្វសុនខទាំងនេះអាចដាក់នៅអាកាសយានដ្ឋាននៅពេលដែលជំងឺឆ្លងនេះបានបញ្ចប់ដើម្បីរកមើលអ្នកឆ្លងវីរុសនេះ និងការពារកុំឲ្យមានការផ្ទុះឡើងម្ដងទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: