PR

ទ្រី ដាណា ពីកូនកំព្រា មានប្រវត្តិតស៊ូ លក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ជាច្រើន

BY
Khmernote Media
March 28, 2020

អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះលើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។

មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេលដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។

អ្វីដែលធ្វើឱ្យគ្រប់គ្នាស្រលាញ់គាំទ្រ និងចូលចិត្ត អ្នកស្រី ទ្រី ដាណា គឺការចែករំលែកផ្ដល់ដំបូន្មានលើអាជីវកម្មដោយគ្មានការលាក់លៀម ហើយផ្ដល់គំនិតល្អៗដល់អ្នកអានជានិច្ច។ ជាក់ស្ដែងនៅលើទំព័រ Facebook របស់លោកស្រី ទ្រី ដាណា តែងបង្ហោះនូវពាក្យអប់រំ និងបទពិសោធន៍ដែលអ្នកស្រីបានជួបប្រទះកន្លងមក ហើយវាការជាការអប់រំចិត្តអ្នកអានឱ្យបានស្ងប់ និងពេញចិត្តនូវអ្វីដែលខ្លួនមានផងដែរ។

ឃើញអ្នកស្រី ទ្រី ដាណា មានទ្រព្យជួយដល់ជនក្រីក្រ ឬធ្វើបុណ្យនានា គ្រប់គ្នាប្រហែលជាគិតថា នារីរូបស្រស់នេះ គឺជាកូនចៅអភិជន ឬអ្នកមានជំនួញក្នុងដៃណាម្នាក់ ដែលបន្តមរតកមកឱ្យនាង។ ប៉ុន្តែមិនមែនដូចគ្រប់គ្នាគិតឡើយ អ្វីដែលមានដល់សព្វថ្ងៃ គឺជាការតស៊ូប្រឹងប្រែងរបស់នាង តាំងពីលក់ខោអាវជជុះជាង ១០ឆ្នាំមុនម្ល៉េះ។ អ្នកដែលលក់ខោអាវជជុះនៅម្ដុំផ្សារសំហាន់ នៅតែស្គាល់អ្នកស្រី ទ្រី ដាណា ហើយមិននឹកស្មានថា ជីវិតផ្លាស់ប្ដូរ ៣៨០ដឺក្រេបែបនេះឡើយ។

អ្នកស្គាល់ពីប្រវត្តិជីវិតរបស់អ្នកស្រី ទ្រី ដាណា បានរៀបរាប់ថា លោកស្រី ទ្រី ដាណា ជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់ ដែលមានទីកន្លែងកំណើតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អ្នកជំនួញឆ្នើមរូបនេះ មានឪពុកឈ្មោះ ងួន ទ្រី និងអ្នកម្ដាយឈ្មោះ សៀង ជូរ ប៉ុន្តែលោកទាំង២ បានទទួលមរណៈភាពទៅហើយ ដោយជំងឺប្រចាំកាយ។

ប្រមាណជាង ១០ឆ្នាំមុន ក្នុងពេលដែលអ្នកស្រី ទ្រី ដាណា កំពុងលក់ខោអាវជជុះ ម្ដាយឪពុកបានស្លាប់ចោលទាំងមិនទាន់ចូលដល់វ័យជរា ព្រោះតែនាងមិនអាចរកប្រាកព្យាបាលលោកទាំង២ បាន។ ទោះបីមានការឈឺចាប់ នឹងការបាត់បង់មនុស្សជាទីស្រលាញ់ ប៉ុន្តែនារីចិត្តសប្បុរសរូបនេះ បានក្រោកឈរឡើងវិញ តស៊ូជម្នះវាសនា ជម្នះការមើលងាយ ដើម្បីខិតខំរកលុយក្នុងនាមជាក្មេងកំព្រា។

ក្នុងនាមជាក្មេងកំព្រាឪពុកម្ដាយ លោកស្រី ទ្រី ដាណា បានតស៊ូយកខោអាវជជុះមកលក់ក្រោមឆត្រ មុខរោងចក្រ ដើម្បីសន្សំប្រាក់យកមកដាក់ទុនរកស៊ីបន្តទៀត។ បន្ទាប់ពីមានប្រាក់មួយចំនួនក្នុងដៃ លោកស្រី ទ្រី ដាណា ក៏បានប្រថុយយកគ្រឿងសម្អាងពីគេមកលក់តាមផ្សារ។ ភាពរួសរាយរាក់ទាក់ សម្ដីសំដៅប្រកបដោយទឹកដម បានធ្វើឱ្យលោកស្រី ទ្រី ដាណា មានម៉ូយកាន់តែច្រើន ហើយក៏ប្រថុយយកគ្រឿងសម្អាងពីប្រទេសថៃមកលក់បន្ត។

ជានារីម្នាក់មានគោលដៅធំ លោកស្រី ទ្រី ដាណា បានប្រឹងប្រែងយ៉ាងខ្លាំង រហូតសម្រេចក្ដីស្រមៃបើកសម្ពោធក្រុមហ៊ុនមួយជាផ្លូវការ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថា ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី។ សព្វថ្ងៃក្រុមហ៊ុននេះ មានអ្នកតំណាងចែកចាយប្រមាណ ៧ម៉ឺននាក់ គ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា។

បន្ទាប់ពីជោគជ័យលើមុខជំនួញគ្រឿងសម្អាង អ្នកស្រី ទ្រី ដាណា ក៏បានងាកមកបើកហាងលក់គ្រឿងអលង្ការ មាស ពេជ្រ មួយទៀត នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថា ដាណា។ សព្វថ្ងៃ ជំនួញថ្មីនេះ កំពុងជោគជ័យដើរទៅមុខដោយរលូន និងមានអតិថិជនគាំទ្រយ៉ាងច្រើន។ ដោយហេតុនេះហើយ ទើបអ្នកស្រីចាប់ផ្ដើមសាងសង់អគារផ្ទាល់ខ្លួនថ្មីមួយទៀត ដើម្បីបើកហាងពេជ្រឱ្យកាន់តែធំ។

មូលហេតុដែលអ្នកស្រី ងាកមកបើកហាងពេជ្រ ក៏ព្រោះតែនៅនឹកឃើញពាក្យគេមើលងាយ ថាត្រឹមលក់ដូរតូចតាច មិនអាចមានវាសនាពាក់មាសពេជ្របាន។ ពេលអ្នកស្រី ជាក្មេងម្នាក់កំពុងលក់ដូរតាមផ្សារ អ្នកស្រីធ្លាប់ទៅឈរមើលទូរតាំងមាសពេជ្រគេ ក៏ត្រូវគេដេញ ថាគ្មានលុយទិញទេ នាំទើសផ្លូវ។ ទោះគេមើលងាយក្ដី ក៏អ្នកស្រីមិនខឹងគេដែរ តែបានយកភាពឈឺចាប់ ធ្វើជាកម្លាំងចិត្ត ដោយគិតស្រមៃថាថ្ងៃណាមួយ នឹងមានហាងពេជ្រមួយខ្លួនឯង មិនមែនត្រឹមតែទិញពាក់នោះទេ។ សព្វថ្ងៃ អ្នកស្រី ក៏បានសម្រេចក្ដីស្រមៃនោះ។

ក្រៅពីមុខជំនួញ អ្នកស្រី ទ្រី ដាណា ក៏មានចិត្តស្រលាញ់សិល្បៈរាំច្រៀង ដោយបានយកបទចម្រៀង លោក កែវ វាសនា មក Cover ប៉ុន្មានបទ ធ្វើឱ្យមានសន្ទុះអ្នកគាំទ្រខ្លាំង។ ក្រោយមក អ្នកស្រី ក៏បានចេញបទ Original Song ដោយខ្លួនឯង និង Cover បទពីដើមរបស់លោកតា ស៊ីន ស៊ីសាមុត ខ្លះ រហូតមានអ្នកទស្សនាដល់ទៅរាប់លានដង។ ប៉ុន្តែម្ចាស់ហាងពេជ្ររូបនេះ បានបញ្ជាក់ហើយថា គ្រាន់តែច្រៀងដើម្បីកម្សាន្តអារម្មណ៍ចែកបងប្អូនសប្បាយប៉ុណ្ណោះ មិនមែនធ្វើអាជីវកម្មទេ៕

Share This Post: