កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់កូវីដ១៩បានទេ
- March 31, 2020
អំឡុងពេល COVID-19 រាតត្បាតនេះ យើងម្នាក់ៗបានខិតខំការពារខ្លួនគ្រប់បែបយ៉ាង ដើម្បីចៀសផុតពីការឆ្លងមេរោគកាចសាហាវ។ ក្នុងពេលនេះ មានការណែនាំឲ្យលាងសម្អាតដៃជាមួយសាប៊ូឲ្យបានញឹកញាប់ ហើយដើម្បីកាន់តែងាយស្រួល យើងអាចលាងជាមួយជេល ឬអាល់កុល តែបើកន្សែងសើម គឺមិនអាចសម្លាប់មេរោគបានឡើយ នេះបើតាមការឲ្យដឹងពីវេជ្ជបណ្ឌិត ហ៊ាង រតនា។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថា ពពួកកន្សែងសើមនោះ គ្រាន់តែអាចជម្រះភាពកខ្វក់ និងកាត់បន្ថយចំនួនបាក់តេរីប៉ុណ្ណោះ តែបើថាអាចសម្លាប់ គឺមិនអាចឡើយ។ ចំណែកផលិតផលដែលគេបន្ថែមជាតិអាល់កុលចូលទៅក្នុងនោះ ក៏មិនប្រាកដថាអាចសម្លាប់បាន ឬអត់ដែរ ព្រោះកម្រិតអាល់កុលធម្មតាដែលអាចសម្លាប់មេរោគបានចាប់ពីដឺក្រេ ៦០ ឡើងទៅ សម្លាប់មេរោគបាន។
ទោះជាយ៉ាងណាវេជ្ជបណ្ឌិតរូបនោះមិនគាំទ្រឲ្យប្រើកន្សែងសើមប្រភេទមានជាតិអាល់កុល ជូតសម្អាតដៃឡើយ ព្រោះវាមិនអាចសម្អាតបានស្អាតល្អ ដូចសាប៊ូ ឬប្រភេទទឹកលាងដៃ ឬទឹកអាល់កុល។
លោកបានពន្យល់ថា ក្រុមអ្នកជំនាញណែនាំឲ្យលាងដៃយ៉ាងហោចណាស់ ៤០-៦០ វិនាទី ទើបអាចសម្លាប់មេរោគ ហើយពេលលាងនេះទៀតសោតទាមទារឲ្យដុសពីបាតដៃ ខ្នងដៃ ចន្លោះម្រាមដៃ កដៃ ចុងម្រាមដៃ និងមេដៃ ទើបសព្វកន្លែងបាន។ តែបើប្រើកន្សែងសើមវិញ ជាធម្មតាគេប្រើជូតតែបាត និងខ្នងដៃបន្តិចប៉ុណ្ណោះ បែបនេះមិនអាចជួយអ្វីបានឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: