ពិតជាអស្ចារ្យមែន ! បុរសម្នាក់ជំទាស់ចិត្តឪពុកម្តាយ ដើរតាមក្តីសុបន្តិអភិវឌ្ឍន៍ខ្លួនពីកម្មករសំណង់ក្លាយជាអ្នករាំដ៏ល្បី
ប្រទេសចិន ៖ មនុស្សយើងម្នាក់ៗសុទ្ធតែមានក្តីស្រមៃរបស់ខ្លួននិងចង់ធ្វើគ្រប់បែបយ៉ាងដើម្បីសម្រេចវាអោយបាននៅក្នុងថ្ងៃអនាគត បើទោះជាជួបនឹងការលំបាកប៉ុនណាក៏ដោយ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវគួរអោយភ្ញាក់មួយ ដែលបុរសម្នាក់ប្រែក្លាយខ្លួនពីកម្មករសំណង់មកជាអ្នករបាំដ៏ល្បី។ លោក Wang Wenbin អាយុ ២៨ឆ្នាំ មានស្រុកកំណើតក្នុងខេត្ត Sichuan គាត់រស់នៅតែជាមួយជីដូនជីតាតាំងពីរតូច។ គាត់និយាយថាការរាំគឺជាផ្នែកមួយដ៏សំខាន់នៃកុមារភាពរបស់គាត់ គាត់មិនដែលខកខាននោះទេអោយតែមានការសម្តែងរាំនៅសាលាម្តងៗ។

គ្រូៗនៅក្នុងសាលារៀនតែងតែសរសើរថាគាត់មានទេព្យកោសល្យខ្ពស់ក្នុងការសម្តែង បែរនេះហើយទើបគាត់សម្រេចត្រូវតែចូលរៀនខាងរបាំនេះអោយបាន។ តែអ្វីៗវាមិនងាយស្រួលសំរាប់គាត់នោះទេ ឪពុកម្តាយរបស់គាត់បានប្រឆាំងនឹងគំនិតនេះ។ គាត់និយាយថា”ការរាំមិនមែនជាអាជីពយូរអង្វែង ហើយពួកគាត់មានការព្រួយបារម្ភថាខ្ញុំនឹងគ្មានលុយនៅពេលខ្ញុំចាស់ហើយពួកគាត់ចង់ឱ្យខ្ញុំរកការងារដែលមានស្ថេរភាព”។ តែយ៉ាងណាលោក Wang Wenbin នៅតែជំនះធ្វើការរកប្រាក់មកបង់ថ្លៃសាលារៀនដោយខ្លួនឯង ដោយសារតែថ្លៃសាលាថ្លៃពេកគាត់ក៏ចូលធ្វើជាកម្មករសំណង់។

ជាមួយការធ្វើការដោយប្រើកំលាំងអស់ពីខ្លួនទៅហើយ លោក Wang Wenbin នៅតែខិតខំហ្វឹកហាត់ជំនាញរាំរបស់គាត់ធ្វើអោយសមត្ថភាពរបស់គាត់ប្រែប្រួលទៅលឿនហួសពីការស្មាន។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលរាំនេះ គាត់ចាប់ផ្តើមចេញការសំដែងដើម្បីរកប្រាក់បន្ថែមបន្តក្តីសុបន្តិរបស់ខ្លួន លោក Wang Wenbin បានធ្វើដំណើរទៅកាន់ទីក្រុងជាច្រើនព្រោះតែការាំរបាំជាមួយ។ គាត់ថែមទាំងបានបង្កើតស្ទូឌីយោរាំផ្ទាល់ខ្លួនទៀត នៅទីក្រុង Jiaxing ក្នុងឆ្នាំ២០១២។ គាត់ត្រូវបានគេអញ្ជើញទៅសម្តែងរបាំរាំតំណាងប្រទេសចិន នៅក្នុងប្រទេសកូរ៉េខាងត្បូងទៀតផងនៅខែឧសភាខាងមុខនេះ៕

អត្ថបទ ៖ Mali
ប្រភព ៖ CHINA PLUS