WHO ថា វីរុសកូវីដ១៩មិនអាចនៅលើអាកាសបានយូរទេ
- April 1, 2020
ចាប់ពីតាំងពីការផ្ទុះ COVID-19 មានការលើកឡើងជាច្រើនទាក់ទងនឹងរបៀបចម្លង និងរយៈពេលដែលវីរុស COVID-19 អាចរស់នៅបានលើវត្ថុផ្សេងៗ ឬនៅលើអាកាស។ ជាក់ស្តែង ការលើកឡើងថា វីរុស COVID-19 អាចនៅលើអាកាសបានដល់៨ម៉ោង គឺមិនត្រឹមត្រូវទេ។
អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា វីរុសដែលបណ្តាលឲ្យមានជំងឺ COVID-19 គឺវាចម្លងបានតាមដំណក់ទឹកតូចៗដែលខ្ទាតចេញពីអ្នកដែលមានផ្ទុកវីរុស COVID-19 ពេលដែលអ្នកជំងឺ ក្អក កណ្តាស់ ឬនិយាយជាដើម។ ដំណក់ទឹកទាំងនោះមិនអាចនៅក្នុងខ្យល់បានទេព្រោះវាធ្ងន់ ហើយវានឹងធ្លាក់ចុះទៅលើដី ឬផ្ទៃវត្ថុផ្សេងៗ។ យើងអាចឆ្លងបានដោយការស្រូបយកវីរុស COVID-19 ប្រសិនបើយើងស្ថិតនៅចម្ងាយក្រោម ១ម៉ែត្រជាមួយអ្នកដែលមានផ្ទុកវីរុស COVID-19 ឬដោយការប៉ះពាល់ផ្ទៃវត្ថុផ្សេងៗដែលកខ្វក់ បន្ទាប់មកយកដៃទៅប៉ះមុខ មាត់ ច្រមុះ ភ្នែកមុនពេលលាងដៃ។
អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ដើម្បីការពារខ្លួនអ្នក គួរធ្វើតាមការណែនាំដូចជា៖
– រក្សាចម្ងាយ១ម៉ែត្រពីអ្នកដទៃ
– សម្លាប់មេរោគលើផ្ទៃ ឬវត្ថុដែលបានប៉ះញឹកញាប់
– លាងសម្អាតដៃឲ្យបានទៀងទាត់
– ចៀសវាងការប៉ះពាល់ភ្នែក ច្រមុះ មាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: