បញ្ឈប់នូវទម្លាប់ទូទៅមួយចំនួននេះភ្លាម ប្រសិនបើអ្នកមិនចង់ជួបប្រទះបញ្ហាសុខភាពផ្សេងៗ
ខាងក្រោមជាទម្លាប់មួយចំនួនដែលអ្នកគួរតែបញ្ឈប់ ឬលុបបំបាត់ចោល ក៏ព្រោះវាអាចបណ្ដាលឲ្យកើតមានផលប៉ះពាល់មិនគួរឲ្យជឿចំពោះសុខភាពរាងកាយនៅថ្ងៃខាងមុខ ៖
១. ដុសសម្អាតធ្មេញបន្ទាប់ពីទទួលទានអាហារ ៖ ប្រសិនបើអ្នកទទួលទានអាហារមានជាតិអាស៊ីត អ្នកគួរតែជៀសវាងការដុសសម្អាតធ្មេញភ្លាមៗ បន្ទាប់ពីទទួលទានរួច ដោយត្រូវចាំយ៉ាងតិចឲ្យបាន ៣០ នាទីសិន ទើបជាការប្រសើរ។ អាហារដែលមានផ្ទុកជាតិអាស៊ីតស៊ីទ្រិកដូចជា ផ្លែក្រូច ទំពាំងបាយជូរ និងក្រូចឆ្មារ ធ្វើឲ្យកាចាធ្មេញប្រែជាចុះខ្សោយ ហើយនៅពេលដែលអ្នកធ្វើការដុសសម្អាតធ្មេញភ្លាម នោះវាអាចបណ្ដាលឲ្យកាចាធ្មេញទទួលរងការខូចខាតបានយ៉ាងងាយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការដុសសម្អាតធ្មេញឲ្យបាន ២ ដងក្នុងថ្ងៃជាប្រចាំ គឺជារឿងចាំបាច់ ជាពិសេសនៅពេលល្ងាច។

២. គេងច្រើនម៉ោងជាងធម្មតានៅថ្ងៃចុងសប្តាហ៍ ៖ យោងតាមការស្រាវជ្រាវថ្មីមួយដែលចេញផ្សាយនៅក្នុងកាសែត Journal of Clinical Endocrinology and Metabolism បានឲ្យដឹងថា ការគេងលើសថ្ងៃធម្មតាដល់ទៅ ២ ឬ ៣ ម៉ោងនៅថ្ងៃចុងសប្តាហ៍ គឺជាទម្លាប់ដ៏អាក្រក់បំផុតមួយដែលអាចបណ្ដាលឲ្យកើតមានបញ្ហាសុខភាពផ្សេងៗ។ ដូច្នេះការគេងឲ្យបានយ៉ាងហោចណាស់ពី ៧ ទៅ ៩ ម៉ោង រៀងរាល់យប់ គឺជាទម្លាប់ដ៏ល្អប្រសើរបំផុត។

៣. រំលងអាហារថ្ងៃត្រង់ ៖ ការមិនទទួលទានអាហារពេលថ្ងៃត្រង់ គឺជាទម្លាប់ទូទៅមួយរបស់អ្នកដែលកំពុងព្យាយាមសម្រកទម្ងន់ ឬកាត់បន្ថយកាឡូរីក្នុងរាងកាយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រនេះកម្រនឹងទទួលបានផលដូចដែលបានគិតទុកណាស់។ យោងតាមបណ្ដាញពត៌មានត្រួតពិនិត្យទម្ងន់ (Weight Control Information Network) បានឲ្យដឹងថា អ្នកដែលមានទំនោររំលងអាហារពេលថ្ងៃត្រង់ជាធម្មតា គឺមានទម្ងន់ច្រើន ឬធ្ងន់ជាងអ្នកដែលទទួលទាន ៣ ពេលក្នុងមួយថ្ងៃ។ ការមិនទទួលទានអាហារថ្ងៃត្រង់អាចធ្វើឲ្យអ្នកឃ្លានខ្លាំងនៅពេលក្រោយ ខណៈនោះអ្នកនឹងទទួលទានច្រើនហួសប្រមាណ និងថែមទាំងលែងខ្វល់អំពីការជ្រើសរើសប្រភេទនៃអាហារណាដែលផ្ដល់ជីវជាតិល្អចំពោះសុខភាពផងដែរ។

៤. ទទួលទានភេសជ្ជៈប្រូតេអ៊ីនក្រឡុកបន្ទាប់ពីធ្វើលំហាត់ប្រាណ ៖ វាជាការពិតដែលថា ការទទួលទានប្រូតេអ៊ីនបន្ទាប់ពីធ្វើលំហាត់ប្រាណរួចអាច គឺល្អចំពោះការលូតលាស់សាច់ដុំ ក៏ដូចជាកាត់បន្ថយការឈឺចាប់មួយចំនួន ប៉ុន្តែប្រសិនបើអ្នកធ្វើលំហាត់ប្រាណបន្ទាប់ពីធ្វើការ ឬនៅខណៈពេលយប់នោះ វាអាចបណ្ដាលឲ្យអ្នកឃ្លានខ្លាំង ហើយទទួលទានច្រើនលើសពីធម្មតា។ ម៉្យាងវិញទៀត ការហាត់ប្រាណកម្រិតអប្បបរមាមួយចំនួនមិនទាមទារប្រូតេអ៊ីនច្រើនបន្ថែមទេ។

៥. ថ្លឹងទម្ងន់ជារៀងរាល់ថ្ងៃ ៖ ប្រសិនបើអ្នកថ្លឹងទម្ងន់ខ្លួនឯងជារៀងរាល់ថ្ងៃ នៅក្នុងកំឡុងពេលតមអាហារសម្រកទម្ងន់នោះ អ្នកនឹងទំនងជាមានអារម្មណ៍ខកចិត្តជាមិនខាន ដោយសារតែមិនទទួលបាននូវលទ្ធផលភ្លាមៗ ឬលឿនដូចដែលបានគិត។ លើសពីនេះទៅទៀត អ្នកប្រហែលជាមានអារម្មណ៍ថា អ្នកត្រូវតែចាប់ផ្តើមកាត់បន្ថយបរិមាណនៃអាហារឲ្យកាន់តែច្រើនជាងមុន ឬខកចិត្តយ៉ាងខ្លាំងដល់ថ្នាក់ដែលអ្នកបោះបង់ចោលការព្យាយាមតែម្ដង។ តាមពិតទៅ គ្រាន់តែបញ្ឈប់ការថ្លឹងទម្ងន់ខ្លួនឯងជារៀងរាល់ថ្ងៃនោះអ្នកនឹងឃើញ ឬទទួលបានលទ្ធផលនៃរបបអាហាររបស់អ្នកឆាប់ៗជាក់ជាមិនខាន។

៦. ចិតសំបកផ្លែប៉ោម ៖ ស្ទើរតែ ១០០ ភាគរយនៃសារជាតិ quercetin (សារធាតុប្រឆាំងអុកស៊ីតកម្មដែលគាំទ្រដល់សុខភាពបេះដូង) របស់ផ្លែប៉ោម គឺស្ថិតនៅក្នុងសំបក។ ជាតិសសៃ ជាតិប៉ូតាស្យូម វីតាមីន A និងសារធាតុចិញ្ចឹមល្អៗជាច្រើនផ្សេងទៀត ក៏មានផ្ទុកច្រើននៅនឹងសំបករបស់ផ្លែប៉ោមផងដែរ។

៧. ការទទួលទានទឹកសុទ្ធ ៖ យោងតាម Natural Resources Defense Council ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រ៊េនទឹកសុទ្ធចំនួន ១០០០ ម៉ាកមានផ្ទុកបាក់តេរី ឬសារធាតុគីមីនៅក្នុងកម្រិតដែលត្រូវបានគេចាត់ទុកថាមិនមានសុវត្ថិភាពចំពោះសុខភាព ដោយវាអាចបង្កឲ្យកើតមានជំងឺមហារីក ក៏ដូចជាជំងឺផ្សេងៗច្រើនទៀត។ ដូច្នេះគួរតែជ្រើសរើសយកការទទួលទានទឹកចម្រោះ ឬទឹកស្អាត (ទឹកម៉ាស៊ីន) ជំនួសវិញទើបប្រសើរ។

១០. ការជៀសវាងពីពន្លឺព្រះអាទិត្យ ៖ ពិតណាស់ការស្ថិតក្រោម ឬទទួលពន្លឺព្រះអាទិត្យច្រើនពេកអាចបណ្ដាលឲ្យរលាកស្បែក ប៉ុន្តែប្រសិនបើអ្នកមិនត្រូវ ឬទទួលពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ទេនោះ វាអាចនឹងបង្កទៅជាបញ្ហានៃជំងឺធ្ងន់ធ្ងរផ្សេងៗជាច្រើន រួមទាំងបញ្ហានៃកង្វះវីតាមីន D ក្នុងរាងកាយផងដែរ៕
អត្ថបទ ៖ Bee
ប្រភព ៖ Brightside