សុខភាព

ចិនគ្រោងពង្រីកការតេស្ដវ៉ាក់សាំង​ប្រឆាំងកូវីដ១៩ ទៅប្រទេសផ្សេង

BY
Khmernote Media
April 2, 2020

អ្នក​វិទ្យាសាស្ត្រ​ចិន​ដែល​កំពុង​ធ្វើ​តេស្ដ​លើ​វ៉ាក់សាំងការពារ​វីរុស COVID-19 នឹង​ប្រកាស​លទ្ធផល​លើ​ការ​តេស្ដ​សាក​ល្បង​លើក​ទី១នេះ​នៅ​ក្នុង​ខែមេសា​នេះ​ និង​សង្ឃឹម​ថា​អាច​បន្ត​ធ្វើ​តេស្ដ​សាកល្បង​ក្រោយៗ​ទៀតនៅ​​​ប្រទេសផ្សេងទៀត​ដែល​កំពុង​មាន​ករណី​ឆ្លង​វីរុស​នេះ​ខ្លាំង។​ លោក Chen Ling អ្នក​ឯកទេស​ផ្នែក​វីរុស​នៅ​មន្ទីរពិសោធន៍​ជំងឺ​ផ្លូវដង្ហើម​ State Key ​បាន​លើក​ឡើង​ថា​ការ​ធ្វើ​តេស្ដ​សាកល្បង​នៅ​ដំណាក់កាល​ទី​២ និង​ទី៣​អាច​នឹង​ត្រូវ​ការ​អ្នក​ចូលរួម​រាប់​ពាន់​នាក់​ និង​អាច​ធ្វើ​តេស្ដ​សាកល្បង​នៅ​ប្រទេស​ដែល​កំពុង​ឆ្លង​វីរុស​ខ្លាំង​ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែឆាប់ និង​ត្រឹមត្រូវ​ច្បាស់លាស់។

លោក​​ពន្យល់​ថា​ប្រទេស​អាចទប់ស្កាត់​ការឆ្លង​វីរុស​COVID-19 ​បាន​លឿន​ពេក​ គឺធ្វើ​ឲ្យ​មិន​មាន​ករណី​ឆ្លង​សម្រាប់​​ធ្វើ​តេស្ដ​សាកល្បង​នៅ​ដំណាក់កាល​ក្រោយ។ ឧទាហរណ៍​ប្រសិន​ជា​តេស្ដ​លើ​មនុស្ស​១០ ០០០នាក់ ហើយ​លទ្ធផល​បង្ហាញ​ថា​មាន​តែ​មនុស្ស​១០០នាក់​អាច​បង្កើត​អង់ទីករ​ប្រឆាំង​វីរុស​នេះ​បាន​ លទ្ធផល​​​០,០១% ​នេះមិន​គ្រប់គ្រាន់​ក្នុង​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​នេះ​ទៅ​លើ​មនុស្ស​ទូទៅ​ទេ។

អ្នក​ស្រី Chen Wei អ្នក​ជំនាញ​ជំងឺ​ឆ្លង​ និង​វីរុស​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​យោធា​បាន​ប្រាប់​ទៅ​សារព័ត៌មាន China Daily ថា​ប្រសិនជា​លទ្ធផល​តេស្ដ​លើក​ដំបូង​បញ្ជាក់​ថា​វ៉ាក់សាំង​មាន​សុវត្ថិភាព និង​មាន​លទ្ធផល​តាម​ដែល​​ចង់​បាន ប្រទេស​ចិន​នឹង​បន្ត​ធ្វើ​តេស្ដ​រក​ប្រសិទ្ធភាព​វ៉ាក់សាំង​នេះ​នៅ​ប្រទេស​ផ្សេង​បើ​វីរុស​នេះ​នៅ​តែ​បន្ត​រាតត្បាត​។ អ្នកស្រី​បាន​បន្ត​ទៀត​ថា​មាន​ប្រទេស​ជា​ច្រើន​មាន​ចំណាប់អារម្មណ៍​សហការ​ជាមួយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​ប្រទេស​ចិន​ក្នុង​ការ​ធ្វើ​តេស្ដ​វ៉ាក់សាំង​នេះ​។

ការ​ធ្វើ​តេស្ដ​សាកល្បង​វ៉ាក់សាំង​លើក​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង​អ៊ូហាន​នៅ​ថ្ងៃ​ទី​១៦ ខែមីនា ដែល​មាន​អ្នក​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​នេះ​ ១០៨នាក់។

គិតមកដល់​ថ្ងៃនេះ ករណី​អ្នក​ឆ្លង​វីរុស COVID-19 សរុប​មាន​ចំនួន ៩២៥ ១៣២ករណី ក្នុង​នោះ​អ្នក​ស្លាប់ ៤៦ ២៩១នាក់ និង​អ្នក​ជាសះស្បើយ​ ១៩៣ ៤៥៥នាក់។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: