កូវីដ-១៩កំពុងរាតត្បាត ស្ត្រីពពោះត្រូវដឹងពីវិធីការពារខ្លួនទាំងនេះ
- April 3, 2020
ស្រីៗគ្នាដែលកំពុងពពោះ អំឡុងពេល COVID-19 វាយលុក ទន្ទឹមនឹងការព្រួយបារម្ភ យើងក៏ត្រូវអនុវត្តវិធីការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង និងកូនក្នុងផ្ទៃឲ្យមានសុខភាពល្អ ចៀសផុតពីការឆ្លងវីរុស COVID-19។ ខាងក្រោមនេះ ជាវិធីការពារខ្លួនសម្រាប់ស្ត្រីពពោះ អំឡុងពេល COVID-19 វាយលុក ណែនាំដោយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។
១. ញ៉ាំអាហារចម្រុះមុខ
របបអាហារពិតជាសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីពពោះ និងកូនក្នុងផ្ទៃ។ ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ជាប្រភពនៃប្រូតេអ៊ីន វីតាមីន ជាតិរ៉ែ កាកសរសៃ ជួយឲ្យទ្រទ្រង់សុខភាពម្តាយ និងកូនក្នុងផ្ទៃឲ្យលូតលាស់បានល្អ មានប្រព័ន្ធការពាររឹងមាំ មិនឆ្លងមេរោគ។
២. គេងឲ្យបានគ្រប់គ្រាន់
ពេលមានផ្ទៃពោះ ស្រីៗគ្នាកំពុងតែពិបាកគេងស្រាប់ផង ហើយបើយើងថែមរឿងខ្វាយខ្វល់អំពី COVID-19 ទៀតនោះ ធ្វើឲ្យប៉ះពាល់ដំណេកកាន់តែខ្លាំង។ បែបនេះហើយ ម៉ាក់ៗត្រូវគេងឲ្យបានគ្រប់គ្រាន់ ទើបមានកម្លាំង អារម្មណ៍ស្រស់ថ្លា វីរុស COVID-19 មិនហ៊ានយាយី។
៣. ករណីមិនចាំបាច់ កុំចេញទៅក្រៅ
នៅផ្ទះឈ្នះ COVID-19 ពាក្យនេះត្រឹមត្រូវណាស់ ដូច្នេះបើមិនមានការចាំបាច់ ម៉ាក់ៗមិនត្រូវចេញទៅក្រៅ ឬទីកន្លែងណាមនុស្សច្រើននោះទេ នៅផ្ទះមានសុវត្ថិភាពជាងទីណាៗទាំងអស់។
៤. ពាក់ម៉ាស់ការពារពេលទៅកន្លែងមានមនុស្សច្រើន
បើមានកិច្ចការចាំបាច់ត្រូវចេញទៅក្រៅ ឬទីកន្លែងដែលមានមនុស្សច្រើន ពិសសស្ត្រីពពោះត្រូវទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីតាមដានសុខភាពជារៀងរាល់ខែនោះ ម៉ាក់ៗត្រូវពាក់ម៉ាស់ការពារឲ្យបានត្រឹមត្រូវ។
៥. អនុវត្តក្បួនអនាម័យជាប្រចាំ
ទី១ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹក អាល់កុល ឬជេលឲ្យបានញឹកញាប់ ទី២ រក្សាចន្លោះរវាងយើង និងអ្នកដទៃ ទី៣ កុំយកដៃទៅប៉ះភ្នែក ច្រមុះ និងមាត់ ទី៤ អនុវត្តអនាម័យផ្លូវដង្ហើម ដោយយកក្រដាស ឬកែងដៃគ្របមាត់ ពេលក្អក ឬកណ្តាស់។ ក្នុងករណីមានអការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: