ស្មានមិនដល់សោះថា គ្រាប់ល្ហុង អាចផ្ដល់អត្ថប្រយោជន៍ច្រើនបែបនេះចំពោះសុខភាព
ភាគច្រើននៅពេលដែលពួកយើងទទួលទានផ្លែល្ហុង គឺយើងតែងតែបោះចោលនូវគ្រាប់របស់វា ដោយសារតែរសជាតិមិនឆ្ងាញ់ ក៏ដូចជាគិតថាវាគ្មានផ្ដល់ប្រយោជន៍អ្វីចំពោះសុខភាព។ ប៉ុន្តែតាមពិតទៅ គ្រាប់ល្ហុង គឺមានផ្ទុកនូវសារធាតុសំខាន់ៗដែលប្រសើរបំផុតសម្រាប់សុខភាពរាងកាយប្រយុទ្ធប្រឆាំងនឹងជំងឺជាច្រើនមុខ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកបានដឹងពីរបៀបនៃការទទួលទានគ្រាប់ល្ហុង និងអត្ថប្រយោជន៍របស់វាចំពោះសុខភាព ៖
– របៀបក្នុងការទទួលទានគ្រាប់ល្ហុង ៖ គ្រាប់ល្ហុង គឺមានរសជាតិហឹរៗដូចម្រេចអីចឹង! ដូច្នេះអ្នកអាចទទួលទានគ្រាប់ល្ហុងទាំងឆៅតែម្ដង ឬកិនកំទេចដាក់លាយជាមួយទឹកដោះគោស្រស់ ទឹកឃ្មុំ អាហារផ្សេងៗ ឬរោយបន្ថែមលើទឹកជ្រលក់ក៏បាន។ ចាប់ផ្ដើមដំបូងដោយការទទួលទានត្រឹមតែ ២ ឬ ៣ គ្រាប់ ក្នុងមួយថ្ងៃ រហូតឈានដល់អាចទទួលទានក្នុងមួយថ្ងៃ ១ ស្លាបព្រាតែពេញ។

– អត្ថប្រយោជន៍នៃការទទួលទានគ្រាប់ល្ហុងចំពោះសុខភាព ៖
១. ព្យាបាលជំងឺក្រិនថ្លើម ៖ គ្រាប់ល្ហុងមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដែលជួយព្យាបាលជម្ងឺក្រិនថ្លើម។ ចូរកិន ឬដំកំទេចគ្រាប់ល្ហុងចំនួនពី ៥ ទៅ ៦ គ្រាប់ហើយដាក់រោយវាលាយជាមួយនឹងអាហារ ឬទឹកផ្លែឈើស្រស់ ជាពិសេស គឺទឹកក្រូចឆ្មារស្រស់។ ទទួលទានបែបនេះឲ្យបានរយៈពេល ៣០ ថ្ងៃ ហើយផ្លាស់ប្ដូរមកត្រឹមការទទួលទានគ្រាប់ល្ហុងក្នុងបរិមាណតិចតួចទៀងទាត់ជាប្រចាំថ្ងៃដើម្បីបន្សាបជាតិពុលក្នុងថ្លើម ក៏ដូចជាជួយរក្សាសុខភាពរបស់ថ្លើមផងដែរ។
២. រក្សាសុខភាពតម្រង់នោម ៖ យោងតាមក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Karachi នៃប្រទេសប៉ាគីស្ថាន និងការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង African Health Science របស់ប្រទេសអាហ្វ្រិកបានឲ្យដឹងថា គ្រាប់ល្ហុង គឺពិតជាអាចជួយធ្វើឲ្យសុខភាពតម្រងនោមមានភាពប្រសើរឡើង និងទប់ស្កាត់ជំងឺខ្សោយតម្រង់នោមតាមរយៈការការពារតម្រងនោមពីការខូចខាតដោយសារជាតិពុល។
៣. ប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសន្លាក់ ៖ គ្រាប់ល្ហុង គឺជាភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងការរលាក។ ដូច្នេះការទទួលទានគ្រាប់ល្ហុង គឺជាវិធីដ៏ងាយបំផុយដើម្បីព្យាបាលក៏ដូចជាកាត់បន្ថយ ឬបំបាត់អាការៈផ្សេងៗនៃជំងឺរលាកសន្លាក់ដូចជា ការឈឺចាប់ ការហើម និងឡើងក្រហមជាដើម។
៤. កម្ចាត់មេរោគបាក់តេរី និងព្យាបាលការឆ្លងមេរោគក្នុងពោះវៀន ៖ ត្រឹមបរិមាណតែបន្តិចបន្តួចនៃគ្រាប់ល្ហុង ក៏មានប្រសិទ្ធភាពកម្ចាត់ពពួកបាក់តេរីដែលបង្កគ្រោះថ្នាក់ចំពោះសុខភាពដូចជា បាក់តេរី E.coli (បង្កជំងឺរាករូសធ្ងន់ធ្ងរ ហើយធន់នឹងថ្នាំផ្សះបំផុត) បានដែរ។ នៅក្នុងប្រទេសនីហ្សេរីយ៉ា ភេសជ្ជៈគ្រាប់ល្ហុងលាយជាមួយនឹងទឹកដោះគោស្រស់ គឺជាថ្នាំដ៏ល្អបំផុតសម្រាប់ព្យាបាលជំងឺគ្រុនពោះវៀន។ គ្រាប់ល្ហុងក៏ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយប្រទេស កូស្ដារីកា ដើម្បីប្រយុទ្ធប្រឆាំង ក៏ដូចជាជាព្យាបាលជំងឺគ្រុនឈាមផងដែរ។
៥. សម្រួលដល់ការរំលាយអាហារ ៖ គ្រាប់ល្ហុង ក៏មានផ្ទុកអង់ស៊ីម papain (អង់ស៊ីមជំនួយដែលមានប្រសិទ្ធិភាពបំផុតក្នុងការរំលាយអាហារប្រូតេអ៊ីន) ខ្ពស់ដូចផ្លែល្ហុងទុំដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្ត្រីមានផ្ទៃពោះមិនត្រូវបានណែនាំឲ្យទទួលទានឡើយ។
៦. បង្ការជំងឺមហារីក ៖ គ្រាប់ល្ហុងមានផ្ទុកនូវភ្នាក់ងារដែលបញ្ឈប់ការលូតលាស់នៃកោសិកាមហារីក និងដុំសាច់ ជាច្រើន។ វាមានផ្ទុកនូវសារធាតុ isothiocyanates ដែលមានប្រសិទ្ធិភាពប្រសើរបំផុតក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺមហារីក ពោះវៀនធំ សុដន់សួត និងក្រពេញប្រូស្តាត។
៧. បំផ្លាញពពួកប៉ារ៉ាស៊ីតនៅក្នុងពោះវៀនតូច ៖ គ្រាប់ល្ហុងមានផ្ទុកនូវសារធាតុ carpaine ដែលមានប្រសិទ្ធិភាពអាចសម្លាប់ពពួកដង្កូវ ឬប៉ារ៉ាស៊ីតក្នុងពោះវៀនតូច។ ចំណែកឯផ្លែល្ហុង ក៏អាចជួយបំប្លែងប្រូតេអ៊ីន និងធ្វើឲ្យបំពង់រំលាយអាហារក្លាយជាកន្លែងដែលពពួកប៉ារ៉ាស៊ីតមិនអាចរស់នៅលូតលាស់កើត។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា កុមារនៅប្រទេសនីហ្សេរីយ៉ាអាចកំចាត់ពពួកប៉ារ៉ាស៊ីតនៅក្នុងពោះវៀនរបស់ពួកគេបានដល់ទៅ ៧៥ភាគរយឯណោះ ដោយគ្រាន់តែទទួលទានទឹកគ្រាប់ល្ហុងរយៈពេល ៧ ថ្ងៃ។
៨. ជួយពន្យាកំណើត ឬការពារកុំឲ្យមានផ្ទៃពោះ៖ គ្រាប់ល្ហុង គឺជាថ្នាំពន្យារកំណើតបែបធម្មជាតិដ៏ល្អបំផុតសម្រាប់ទាំងបុរស និងស្ត្រីដោយវាមិនបង្កផលប៉ះពាល់ណាមួយចំពោះសុខភាពឡើយ។ ចំពោះបុរស ការទទួលទានគ្រាប់ល្ហុងចំនួន ១ ស្លាបព្រាកាហ្វេជារៀងរាល់ថ្ងៃសម្រាប់រយៈពេល ៣ ខែ គឺអាចកាត់បន្ថយការផលិតមេជីវិតឈ្មោល ដោយមិនប៉ះពាល់ដល់ចំណង់ផ្លូវភេទ៕
អត្ថបទ ៖ Bee
ប្រភព ៖ Curejoy