ថៃប្រកាសស្ម័គ្រខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំជំនួបពិភាក្សាកំពូលរវាងលោក Donald Trump និង លោក Kim Jong Un
ប្រទេសថៃ ៖ កាលពីថ្ងៃអង្គារកន្លងទៅនេះថៃបានប្រកាសស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំជំនួបពិភាក្សាកំពូលរវាងប្រធានាធិបតីអាមេរិក Donald Trump និង មេដឹកនាំកូរ៉េខាងជើង Kim Jong Un។ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Don Pramudwinai បានប្រាប់ទៅអ្នកកាសែតថា “ថៃបានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចពិភាក្សាមួយនេះ”។ ស្ថានទូតរបស់អាមេរិកបដិសេធមិនធ្វើការអធិប្បាយចំពោះបញ្ហាមួយនេះ។
លោក Kim Jong Un នឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នៅថ្ងៃសុក្រខាងមុខនេះ។ ជំនួបមួយនេះត្រូវបានគេចាត់ទុកថាជាជំហានមួយដ៏សំខាន់ ក្នុងការឈានទៅរកជំនួបកំពូលជាមួយនឹងលោក Donald Trump។ នៅកាលពីដើមខែនេះលោក Donald Trump បាននិយាយថាមានទីតាំងប្រាំកន្លែងដែលស្ថិតក្នុងការពិចារណាថានឹងយកមកធ្វើជាទីតាំងក្នុងជំនួបពិភាក្សាដ៏សំខាន់មួយនេះ។
ប៉ុន្តែលោកមិនបានបញ្ជាក់អោយច្បាស់នោះទេថាកន្លែងណាខ្លះនោះ ដោយទុកអោយអ្នកអង្កេតការណ៍ធ្វើការកំណត់ពី Mongolia ទៅកាន់ Scandinavia និង Singapore។ យ៉ាងណាថៃនៅតែមានសង្ឃឹមក្នុងការធ្វើជាម្ចាស់ផ្ទះលើកនេះ ព្រោះថៃធ្លាប់ជាសម្ព័នមិត្តចាស់របស់អាមេរិកហើយក៏ធ្លាប់មានចំណងការទូតជាមួយនឹងកូរ៉េខាងជើងផងដែរ៕
អត្ថបទ ៖ Mali
ប្រភព ៖ coconutsbangkok