សញ្ញាពិបាកញែកដាច់ រវាងផ្តាសាយធំ និងកូវីដ-១៩
ដូចដែលគ្រប់គ្នាបានដឹងហើយថា វីរុស COVID-19 បង្ហាញរោគសញ្ញាស្ទើរទាំងស្រុងស្រដៀងទៅនឹងជំងឺផ្តាសាយធំដែរ ដែលធ្វើឲ្យមានភាពពិបាកក្នុងការដាក់ការសង្ស័យថា អ្នកជំងឺកើតជំងឺCOVID-19 ឬគ្រាន់តែផ្តាសាយធំធម្មតា។ អង្គការសុខភាពពិភពលោក តែងប្រាប់ឲ្យដឹងពីរោគសញ្ញារបស់វីរុស COVID-19 ដើម្បីងាយស្រួលដាក់ការសង្ស័យលើអ្នកជំងឺមានផ្ទុកវីរុស COVID-19ដូចជា៖

-ក្តៅខ្លួន
-ហត់ អស់កម្លាំង
-ក្អកស្ងួត
-ដកដង្ហើមខ្លីៗ
រោគសញ្ញាទាំងនេះ គឺជាសញ្ញាទូទៅដែលត្រូវបានរកឃើញនៅលើអ្នកជំងឺ COVID-19។ ក្រៅពីនេះ អ្នកជំងឺអាចចេញរោគសញ្ញា ឈឺចុកចាប់ពេញខ្លួន តឹងច្រមុះ ហៀរសម្បោរ ឈឺក ឬរាករូសជាដើម។ ចំណែកជំងឺផ្តាសាយធំ រោគសញ្ញាដែលចេញនៅពេលឈឺភាគច្រើនគឺ ក្តៅខ្លួន ក្អក ព្រឺររងា ឈឺខ្លួន ឈឺក្បាល ឈឺក ហត់ ហៀរសម្បោរ ឬតឹងច្រមុះ។ល។
ស្របគ្នានេះដែរ អង្គការសុខភាពពិភពលោក បានបញ្ជាក់ពីលក្ខខណ្ឌមួយចំនួន ដើម្បីកំណត់រវាងការឆ្លងវីរុស COVID-19 និងការឈឺផ្តាសាយធំធម្មតារួមមាន៖
– អ្នកជំងឺធ្លាប់ទៅ ឬស្នាក់នៅកន្លែងដែលផ្ទុះវីរុស COVID-19 ក្នុងរយៈពេល១៤ថ្ងៃ
– ប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកដែលមានផ្ទុកវីរុស COVID-19 ក្នុងរយៈពេល១៤ថ្ងៃ
– អ្នកជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (គ្រុនក្តៅ និង មានសញ្ញារលាកផ្លូវដង្ហើមយ៉ាងតិចមួយ៖ ក្អក ហត់ ពិបាកដកដង្ហើម) ដោយមិនមូលហេតុច្បាស់លាស់នឹងតម្រូវឲ្យសម្រាកពេទ្យ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ