ឈប់ជឿទៅ! ទាំងនេះសុទ្ធតែជាទស្សនៈភាន់ច្រឡំជុំវិញវីរុសកូវីដ-១៩
ចាប់តាំងពីការផ្ទុះ វីរុសCOVID-19មក បានធ្វើឲ្យមានការលើកឡើងនូវទស្សនៈផ្សេងៗទាក់ទងនឹងការព្យាបាល ឬទប់ស្កាត់ដែលមិនត្រឹមត្រូវតាមការណែនាំរបស់អង្គការសុខាភាពពិភពលោក ដែលមានការនិយាយតៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
១.ដុសធ្មេញនឹងអំបិល៣ដង/ថ្ងៃ រួចផឹកទឹកសម្លាប់ COVID-19
ទស្សនៈមួយនេះត្រូវបានវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បដិសេធថាមិនមែនជាការពិត។ វាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ គ្មានមូលដ្ឋានច្បាស់លាស់ គួរឲ្យទុកចិត្តបានឡើយ។

២.បរិភោគខ្ញី និងផឹកទឹកក្តៅបានច្រើន អាចសម្លាប់មេរោគ COVID-19
ដូចនឹងការលើកឡើងខាងលើដែរ លោក លី សូវ៉ាន់ បានច្រានចោលការលើកឡើងនេះថា មិនពិត។ លោកបានឲ្យដឹងថា គ្មានការសិក្សាណាមួយអាចបញ្ជាក់ថា គ្រាន់តែញ៉ាំខ្ញី ឬទឹកក្តៅ អាចសម្លាប់វីរុស COVID-19 បាននោះទេ។
៣. ផឹកស្រា អាចការពារខ្លួនបានពី COVID-19
ទាក់ទងនឹងទស្សនៈមួយនេះ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា គឺមិនត្រឹមត្រូវទេ។ ការផឹកស្រា អាចការពារវីរុស COVID-19 បាន អាចមកពីការភាន់ច្រឡំថា អាល់កុលអាចជួយការពារពី COVID-19 ដោយអាចយកទៅលាងដៃបានតែប៉ុណ្ណោះ។
៤.ប្រទេសមានអាកាសធាតុក្តៅដូចកម្ពុជា វីរុស COVID-19 មិនអាចរស់នៅបាន
ការលើកឡើងបែបនេះ ត្រូវបានលោកស្រីវេជ្ជបណ្ឌិត Li Alian ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាថា វាគ្រាន់តែជាពាក្យចចាមអារ៉ាម គ្មានការសិក្សាច្បាស់លាស់ ព្រោះប្រទេសផ្សេងៗ ដែលមានអាកាសធាតុក្តៅ ធ្លាប់បានរាយការណ៍ពីករណីឆ្លងរៀងខ្លួន។
៥.ឈរនៅក្រោមកម្តៅថ្ងៃ អាចសម្លាប់វីរុស COVID-19
មានមនុស្សមួយចំនួនយល់ថា វីរុស COVID-19 មិនអាចទ្រាំនឹងកម្តៅថ្ងៃ ដូចនេះដើម្បីសម្លាប់មេរោគគឺត្រូវឈរហាលថ្ងៃ។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា វាមិនត្រឹមត្រូវឡើយ។ អង្គការសុខភាពពិភពលោកឲ្យដឹងថា មិនថាកម្តៅក្តៅខ្លាំងប៉ុនណា ក៏មិនអាចការពារ ឬសម្លាប់វីរុស COVID-19 បានឡើយ ក្រៅពីធ្វើអនាម័យបានល្អតាមការណែនាំរបស់អង្គការសុខភាពពិភពលោក។
៦.ងូតទឹកក្តៅអាចការពារវីរុស COVID-19
អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ការងូតទឹកក្តៅមិនអាចការពារមិនឆ្លង COVID-19 បានទេ ព្រោះសីតុណ្ហភាពរាងកាយនៅតែមានចាប់ ៣៦-៣៧អង្សារសេ ទោះអាកាសធាតុនៅខាងក្រៅក្តៅ ឬត្រជាក់ប៉ុនណាក៏ដោយ។

៧.មូសខាំអាចចម្លងវីរុស COVID-19 បាន
ដូចគ្នានេះ អង្គការសុខភាពពិភពលោកបានឲ្យដឹងថា មូសខាំងមិនអាចចម្លងវីរុស COVID-19 ដូចដែលមនុស្សមួយចំនួនបានគិតនោះទេ ព្រោះវីរុស COVID-19 ឆ្លងតាមការប៉ះពាល់នឹងសំណាករបស់អ្នកដែលមានផ្ទុកវីរុស COVID-19 ផ្ទាល់។
៨.បាញ់អាល់កុល ឬក្លរីនពេញខ្លួនអាចសម្លាប់វីរុស COVID-19
ការលើកឡើងបែបនេះ ត្រូវបានអង្គការសុខភាពពិភពលោកបដិសេធថា ការបាញ់អាល់កុល ឬក្លរីនពេញខ្លួនមិនអាចសម្លាប់វីរុស COVID-19 ដែលចូលទៅក្នុងខ្លួនរួចហើយនោះទេ។ ការបាញ់សារធាតុផ្តេសផ្តាសអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់បាន។
៩.ញ៉ាំខ្ទឹមស អាចការពារវីរុស COVID-19 បាន
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ខ្ទឹមស ជាអាហារដែលជួយឲ្យសុខភាពល្អ តែគ្មានការសិក្សាច្បាស់លាស់ឡើយថា ការញ៉ាំខ្ទឹមសអាចការពារ មិនឲ្យឆ្លងវីរុស COVID-19 នេះ។

និយាយរួម ទស្សនៈទាំងអស់នេះគ្រាន់តែជាពាក្យចចាមអារ៉ាម គ្មានសិក្សាច្បាស់លាស់ប៉ុណ្ណោះ តែអ្វីដែលអាចការពារមិនឲ្យឆ្លងវីរុស COVID-19 បាន គឺធ្វើតាមការណែនាំអនាម័យត្រឹមត្រូវរបស់អង្គការសុខភាពពិភពលោក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ